មេប៉ូលិសបញ្ជាឱ្យនគរបាល គ្រប់រាជធានី-ខេត្ត ការពារសុវត្ថិភាព ជូនពលរដ្ឋ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ (Video)

0

ភ្នំពេញ៖ ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានចេញបញ្ជាឱ្យ មន្ត្រីនគរបាល គ្រប់រាជធានី-ខេត្ត ត្រូវការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅតាមគោលដៅរៀងៗខ្លួន ឲ្យបានម៉ត់ចត់ ។នេះបើយោងតាមក្រសួងមហា ផ្ទៃ ។

ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងវិធានការសន្តិសុខ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះនាយឧត្តមសេនីយ៍ នេត សាវឿនអគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ថា «មន្ត្រីនគរបាល ស្នងការនគរបាល ខេត្តទូទាំងប្រទេស ត្រូវការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់នៅតាមគោលដៅ ឲ្យបានម៉ត់ចត់ ជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ហើយត្រូវធ្វើជាគំរូ ក្នុងការការពារខ្លួន ឲ្យបាន ពីជំងឺរាតត្បាតកូវីដ-១៩ តាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល។ »

ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ បានធ្វើការអាននូវសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈបញ្ជាការសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍អំពី ការវាយតម្លៃសន្តិសុខជាតិ។ ឯកឧត្តមបានលើកឡើងថា មេដឹកនាំសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ នៅក្រៅប្រទេស នៅតែបន្តសកម្មភាព ដោយជម្រុញឲ្យប្រទេស លោកសេរី ចេញច្បាប់ដាក់ទណ្ឌកម្ម លើមន្ត្រីរាជរដ្ឋាភិបាល ជាពិសេសកងកម្លាំងប្រដាប់អាវុធ, បានបញ្ជាឲ្យមានសកម្មភាពនៅមូលដ្ឋាន បន្តកសាង រក្សាកម្លាំង ការចេញធ្វើសកម្មភាពទាមទារតវ៉ា ហើយក៏បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ បំផុសចលនាទាមទារផ្សេងៗ និងបានធ្វើការញុះញង់ កងកម្លាំងប្រដាប់អាវុធផងដែរ។

នាយឧត្តមសេនីយ៍ បានបន្តថា បណ្ដាអង្គការ សមាគមក្រៅរដ្ឋាភិបាលមួយចំនួន បានដាក់ចេញនូវផែនការគួរកត់ សម្គាល់រួមមាន៖ ទទួលថវិការអង្គការដៃគូអន្តរជាតិ ដើម្បីអនុវត្តផែនការ យុទ្ធសាស្ត្ររបស់ខ្លួន ដោយផ្ដោតលើកិច្ចការពង្រឹងកម្លាំង យុវជនតាមរយៈអង្គការនានា បណ្ដុះបណ្ដាលសហគមន៍ ពលរដ្ឋនៅតាមមូលដ្ឋានឲ្យក្លាយជាអ្នកកាសែតប្រជាជន ជាដើម។

បន្ថែមពីនេះ លោកស្រី នាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ បានធ្វើបទអន្តរាគមន៍អំពីសភាពការណ៍ និងលទ្ធផលស្ដីពីការជួញដូរមនុស្ស ដោយលើកឡើងថា ប្រទេសកម្ពុជាត្រូវ បានសហរដ្ឋអាមេរិក វាយតម្លៃចំណាត់ថ្នាក់លេខ២ ក្នុងការឃ្លាំមើលពាក់ព័ន្ធ នឹងការជួញដូរមនុស្សនេះ ប៉ុន្តែស្ថាប័នពាក់ព័ន្ធនៅតែរួមគ្នាពង្រឹង និងបង្កើនប្រសិទ្ធភាព ការងារឲ្យប្រសើរ សម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខ។

លោកស្រី បានឲ្យដឹងថា បើទោះបីជាស្ថិតក្នុងស្ថានភាពការពារ ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាឆន្ទៈខិតខំទប់ស្កាត់ ប្រឆាំងរាល់បទល្មើស រួមទាំងអំពើជួញដូរមនុស្ស គ្រប់វ័យផងដែរ បើទោះជាយ៉ាងនេះក្ដី ក្រសួងមហាផ្ទៃ ដែលមានគណៈកម្មាធិជាតិប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស អគ្គស្នងការនគរបាលជាតិជាសេនាធិការ បានដាក់ចេញនូវផែនការ សកម្មភាពជាច្រើន ក្នុងការបង្ការ ទប់ស្កាត់នូវអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ក៏ដូចជាជួយសង្គ្រោះ ការពារជនរងគ្រោះឲ្យបានទាន់ពេលវេលាទៀតផង។

សម្រាប់កិច្ចការងារពង្រឹងសន្តិសុខ នាយឧត្តមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍ណែនាំថា ស្នងការដ្ឋាននគរបាលនៃខេត្តនីមួយៗ និងស្ថាប័ន អង្គភាពពាក់ព័ន្ធត្រូវខិតខំធ្វើការរួមគ្នា សិក្សា ស្រាវជ្រាវ ក្ដោបក្ដាប់ឲ្យបាននូវព័ត៌មានផ្សេងៗ រួមទាំងពាក់ព័ន្ធជាមួយ នឹងក្រុមអមិត្ត ប្រមូលនូវហេតុការណ៍សន្តិសុខជាតិ និងធ្វើផែនការសកម្មភាព សន្តិសុខជាក់ស្ដែង ដើម្បីធានាឲ្យបាននូវសន្តិសុខជាតិ កុំឲ្យមានជនឆ្លៀតឱកាស ប្រព្រឹត្តអំពើភារវកម្ម និងបំផ្លាញសន្តិសុខ ក៏ដូចជាសន្តិភាពប្រទេសជាតិ។

ជាងនេះទៀត ចំពោះកិច្ចការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា កិច្ចការងារនេះ ជាយន្តការអន្តរជាតិ និងមានសារៈសំខាន់ សម្រាប់កិត្តិយស និងសេចក្ដីថ្លៃថ្នូ ររបស់ប្រទេសជាតិ ដូចនេះ នាយកដ្ឋានប្រឆាំង ការជួញដូរមនុស្សនិងការពារអនីតិជន គណៈកម្មការ ស្នងការនគរបាលខេត្ត អង្គភាពពាក់ព័ន្ធត្រូវរៀបចំ គ្រប់គ្រង ជម្រុញការងារនេះ ឲ្យមានលទ្ធផលប្រសើរឡើង ដោយសិក្សាពីបទល្មើសជួញដូរនានា និងកំណត់បាននូវប្រធានបទ ចង្កោមអាទិភាពផងដែរ។

នាយឧត្តមសេនីយ៍ បានបន្តថា ការពង្រឹងគុណភាព រចនាសម្ព័ន្ធការងារ ជាពិសេសការកសាង ធនធានមនុស្ស ដើរតួនាទីចាំបាច់ ដើម្បីជម្រុញឲ្យមន្ត្រី ទទួលបន្ទុកអាចមានសមត្ថភាពក្នុងការ បំពេញការងារនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕