នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កម្មវិធីខ្លះនៅក្នុង Google Play សន្យាថា នឹងផ្តល់ជូនស្បែកជើងឥតគិតថ្លៃ ដល់អ្នកដែលបានដំឡើង កម្មវិធីរបស់ខ្លួន ប៉ុន្តែបែរជាទទួលបានកម្មវិធីមេរោគ ដើម្បីគ្រាន់តែផ្សព្វផ្សាយ ពាណិជ្ជកម្មទៅវិញ។
កាលពីពេលថ្មីៗកន្លេងទៅនេះក្រុមហ៊ុន Google បានលុបចោលនូវកម្មវិធី មួយចំនួនដែលមាននៅក្នុង Play Store ដោយក្រុមហ៊ុនបាននិយាយថា កម្មវិធីទាំងនេះគ្រាន់តែជាកម្មវិធី ដើម្បីបន្លំផ្សាយពាណិជ្ជកម្ម ។ ដោយឡែកក្រុមសន្តិសុខចល័ត Satori ដែលជាក្រុមហ៊ុនសន្តិសុខឯកទេស ក្នុងការកំណត់អត្តសញ្ញាណ ឥរិយាបថរបស់ bot បានរកឃើញបណ្តុំនៃ កម្មវិធីរបស់ប្រព័ន្ធដំណើរការ Android ដែលមានឈ្មោះថា Terracotta បានដំឡើងហើយលាក់ខ្លួន នៅក្នុងគេហទំព័រដើម្បី ធ្វើការក្លែងបន្លំការផ្សាយពាណិជ្ជកម្ម។
ក្រុមអ្នកស្រាវជ្រាវ White Ops បាននិយាយថា ពួកគេបានតាមដាន Terracotta ចាប់តាំងពីចុងឆ្នាំ២០១៩មកម្លេះ ដែលនៅពេលនោះ botnet ទើបតែចាប់ផ្ដើម សកម្មភាពក្នុងការវាយលុក។
កម្មវិធីមេរោគនេះមាននៅលើ Play Store ដោយសន្យាថា នឹងមានកម្មវិធីផ្តល់ជូនស្បែកជើង ដោយឥតគិតថ្លៃ និងអាចមានជាប័ណ្ណបញ្ចុះតម្លៃ (coupon) ចំពោះការព្យាបាលធ្មេញថ្លៃៗ។ អ្នកប្រើត្រូវបានគេប្រាប់ឱ្យដំឡើងកម្មវិធី ហើយបន្ទាប់មកត្រូវរង់ចាំពីរសប្តាហ៍ ដើម្បីទទួលបានផលិតផលឥតគិតថ្លៃ ដោយតម្រូវឱ្យពួកគេត្រូវតែទុក កម្មវិធីដែលបានដំឡើងរួចហើយនោះ នៅលើឧបករណ៍នៅឡើយ។ ផ្ទុយទៅវិញទាំងនេះមិនមែន ជាកម្មវិធីផ្តល់រង្វាន់អ្វីទេ វាគ្រាន់តែជាការបោកបញ្ឆោត ឱ្យអ្នកប្រើប្រាស់ដំឡើងកម្មវិធី ដែលមានផ្ទុកមេរោគតែប៉ុណ្ណោះ។
ជាថ្មីម្តងទៀត នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាសូមធ្វើការក្រើនរំឭក ដល់អ្នកប្រើប្រាស់ទាំងអស់ សូមកុំធ្វើការដំឡើងកម្មវិធីណា ដែលមិនមានប្រភពច្បាស់លាស់ និងមិនចាំបាច់ត្រូវប្រើប្រាស់ នៅលើឧបករណ៍របស់ខ្លួន។
មួយវិញទៀតសូមកុំមាន ការជឿទៅលើកម្មវិធីត្រូវរង្វាន់ផ្សេងៗ ដែលបានធ្វើការផ្សព្វផ្សាយ ឬទាក់ទងដោយផ្ទាល់ទៅកាន់លោកអ្នក ព្រោះទាំងនោះវាគឺជាវិធី បោកប្រាស់របស់ ជនខិលខូចតែប៉ុណ្ណោះ។ សូមចងចាំថា គ្មានអ្វីដែលបានមកដោយទទេៗ ដោយមិនមានការ ខំប្រឹងប្រែងធ្វើវានោះទេ ៕