សម្ពោធដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត ក្នុងទីលានបាញ់គ្រាប់ពិត មរតកតេជោសែន

0

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត នៅទីលានបាញ់គ្រាប់ពិតមរតកតេជោសែន ភ្នំវាលចាប ដែលមានទីតាំងស្ថិតនៅក្នុង ភូមិសាស្រ្តឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

អញ្ជើញចូលរួមក្នុងអង្គពិធីមានលោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ លោកនាយសេនាធិការ អស់លោក លោកស្រី អាជ្ញាធរដែនដី មន្ត្រីរាជការនាយទាហាន នាយទាហានរង ពលទាហាន និងគ្រូសារកងទ័ព ។

លោក ចម ប្រសិទ្ធ បានមានប្រសាសន៍ថា ខ្ញុំពិតជាមានចិត្តសប្បាយរីករាយ និងរំភើបយ៉ាងក្រៃលែងដោយ បានអញ្ជើញមកឃើញផ្ទាល់ នៅទីលានបាញ់គ្រាប់ពិត មរតកតេជោសែន ដែលជាកន្លែងសំរាប់ធ្វើការហ្វឹកហ្វឺន របស់កងទ័ពយោធភូមិភាគទី៥ ហើយទីតាំងនេះជាកន្លែង ប្រវត្តិសាស្រ្តដែលយើងស្រាវជ្រាវ មិនទាន់អស់ទេ ព្រោះកាលពីសម័យមុនកងទ័ពតស៊ូ ធ្លាប់មកជ្រកកោននៅទីនេះ តែឥឡូវដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោហ៊ុន សែន នៅចុងឆ្នាំ៩៨ បានប្រែក្លាយកន្លែងនេះ ទៅជាទីលានសម្រាប់ធ្វើការ ហ្វឹកហ្វឺនបាញ់គ្រាប់ពិត ដែលជាទីលានបណ្ដុះបណ្ដាល នូវភាពមុតស្រួចរបស់កងទ័ពយើង ដើម្បីត្រៀមការពារជាតិ ទោះបីប្រទេសមានសន្តិភាពក៏ដោយ ដូច្នេះហើយសុខភាពរបស់កងទ័ព ក្នុងទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះ ជាការចាំបាច់ធ្វើឱ្យកងទ័ព មានសុខភាពល្អទើបមាន កាយសម្បទារឹងមាំហ្វឹកហ្វឺនការពារជាតិបាន។

លោកបានបន្តថា ការដែលលោកបានមកដល់ទីនេះ មកជួយឧបត្ថម្ភនូវប្រព័ន្ធ ប្រព្រឹត្តិកម្មទឹកស្អាត នៅកន្លែងនេះគឺតាមការស្នើសុំរបស់នាយ ឧត្តមសេនីយ៍ ប៊ុន សេង អតីតជាមេបញ្ជាការយោធភូមិភាគទី៥ មកម៉្លេះ ទើបមកដល់ពេលនេះ យើងបានធ្វើតាមសំណូមពរ ហើយយើងបានធ្វើប្រព័ន្ធ ផលិតកម្មផលិតទឹកស្អាតមួយ ដែលយកបច្ចេកវិទ្យាទំនើប ពីប្រទេសចិនមកបំពាក់ជូននៅទីនេះដោយ ១ថ្ងៃ យើងអាចផលិតទឹកស្អាតបានចំនួន ៥០ម៉ែត្រគីប សម្រាប់កងទ័ពប្រើប្រាស់នៅទីនេះ។

ក្នុងឱកាសនោះលោក បានផ្ដល់ជាអំណោយដល់គ្រួសារកងទ័ព និងកងទ័ពចំនួន ៤៦១គ្រួសារ ដោយមួយគ្រួសារទទួលបាន គ្រឿងឧបភោគនរិភោគ ព្រមទាំងបានឧបត្ថម្ភសាងសង់ នូវអគារស្នាក់នៅ ១ខ្នងរបស់កងការពារ ដែលមានទំហំ ៥×៨ ម៉ែត្រ ជូនតាមសំណូមពរ ៕