តំបន់មិនទាន់ឯកភាពគ្នា៖ វៀតណាមសង់អ្វី កម្ពុជាក៏អាចសង់នោះ បានដូចគ្នា (Video)

0


ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វៀតណាមសាងសង់ សំណង់រឹងមាំ លើតំបន់មិនទាន់ឯកភាពគ្នាបានដូច្នេះ កម្ពុជាក៏អាចសាងសង់អ្វីមួយវិញបានភ្លាមៗ នៅទល់មុខសំណង់ដែល វៀតណាមបានសាងសង់។

ក្នុងវេទិកាលតុមូលនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នេះលោក សុខ ទូច បានលើកឡើងការសាង់សង់ សំណង់រឹងណាមួយ នៅជិតព្រំដែនកម្ពុជា-វៀតណាម ចំងាយពី១៥០ម៉ែត្រ ត្រូវមានការឯកភាពពីប្រទេសទាំងពីរ។ ចំពោះករណីវៀតណាមសាងសង់ សំណង់រឹងនៅឆ្ងាយពីព្រំដែនកម្ពុជា ចំនួន១២០ម៉ែត្រ ក៏ត្រូវស្នើសុំកម្ពុជា ព្រោះព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសំខាន់បួន រួមមាន៖ព្រំដែនឯកភាព ,ព្រំដែនសហប្រតិបត្តិការ, ព្រំដែនសេដ្ឋកិច្ច និងព្រំដែនទប់ស្កាត់នៃ ការជួញដូរគ្រឿងញៀន កុមារនិងស្រ្តីភេទ។

ប្រធានរាជបណ្ឌិត្យសភា ឲ្យដឹងទៀតថា “កម្ពុជា អាចសាងសង់អ្វីមួយ ១២០ម៉ែត្រ នៅទល់នឹងប៉ុស្តិ៍ហ្នឹងវិញ “។

សូមរំលឹកថា ទាហានវៀតណាមពិតជាបាន សាងសង់តង់ថ្មីដែលមានលក្ខណៈ ជាជម្រករឹងមាំពិតមែន នៅចំណុចទីតាំងតង់ចាស់ ដែលបានរុះរើកន្លងមក ហើយការសាងសង់នេះ ក៏ត្រូវបាននាយប៉ុស្ដិ៍នគរបាលក្អមសំណ ស្នើទៅភាគីទាហានវៀតណាម ឲ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់ តែត្រូវបានបដិសេធដោយ ទាហានវៀតណាមថា កិច្ចការនេះជាបញ្ជាពី ថ្នាក់លើរបស់គេ។

យោងតាមលិខិតរបស់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលផ្ញើជូន លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី២៦ ខែ សីហា ឆ្នាំ ២០២០បានបញ្ជាក់ថា«នៅថ្ងៃទី២៥ ខែ សីហា ឆ្នាំ ២០២០វេលាម៉ោង ១៧៖០០នាទីល្ងាច កម្លាំងប៉ុស្តិ៍នគរបាល ការពារព្រំដែនក្អមសំណចំនួន ៨នាក់ បានសហការជាមួយកម្លាំងយោធា ការពារព្រំដែនកង៦០១ ចំនួន៧នាក់ និងលោកនាយប៉ុស្តិ៍នគរបាល រដ្ឋបាលក្អមសំណ បានចុះទៅពិនិត្យ នៅចំណុចទីតាំងតង់ចាស់ របស់យោធាការពារ ព្រំដែនវៀតណាមប៉ុស្តិ៍ ៩២៥វិញសឿង នៅនិយាមកា514575-1206948 ភូមិភូវី ឃុំភូឡូក ស្រុកទិនចូវ ខេត្តអានយ៉ាង ទល់នឹងភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល បានជួបភាគីវៀតណាម កំពុងសាងសង់តង់ថ្មី (ជាជម្រករឹងមាំ) ដោយសាងសង់អំពីឈើ សសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រគុណ៤ម៉ែត្រ ដំបូលប្រក់ស័ង្កសីដោយឃ្លាត ពីខ្សែបន្ទាត់ព្រំដែនដែលយើង គ្រប់គ្រងបច្ចុប្បន្នចម្ងាយប្រមាណ ១២០ម៉ែត្រ»។

លិខិតដដែលបន្ថែមថា «ទន្ទឹមនោះកម្លាំងទាំង ៣អង្គភាពខាងលើ បានជួបជាមួយប្រធានប៉ុស្តិ៍ ៩២៥វិញសឿង ដើម្បីទាមទារឲ្យភាគីវៀតណាម បញ្ឈប់សកម្មភាព សាងសង់តង់ថ្មីខាងលើនេះ។ ប៉ុន្តែភាគីវៀតណាមបានបញ្ជាក់ថា គេធ្វើតាមបញ្ជាថ្នាក់លើ របស់គេហើយថ្នាក់លើ របស់គេមានគម្រោងសាងសង់តង់ថ្មី (ជាជម្រករឹងមាំ) ចំនួន៤ គោលដៅលើគោលដៅចាស់ ដែលមានស្រាប់។ លុះនៅព្រឹកថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២០ លោកអភិបាលស្រុកលើកដែក និងកម្លាំងពាក់ព័ន្ធបានចុះត្រួតពិនិត្យ នៅទីតាំងខាងលើនេះម្ដងទៀត និងបានសំណូមពរឲ្យភាគីវៀតណាម បញ្ឈប់ការសាងសង់ជាបន្ទាន់។ ប៉ុន្តែភាគីវៀតណាម មិនព្រមឯកភាពបញ្ឈប់ ការសាងសង់នោះឡើយ»។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ធ្លាប់បានថ្លែងថា វៀតណាមបានបោះតង់ និង ដាក់កម្លាំងយោធាចំនួន ៣១កន្លែង នៅ ស្រុកលើកដែក និងស្រុកកោះធំ ក្នុងខេត្តកណ្តាល។

ក្នុងកិច្ចប្រជុំ បូកសរុបការងារ ឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន កម្ពុជា ចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយការបោះបង្គោលព្រំដែន និងបានណែនាំទៅកាន់ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី បើកសិក្ខាសាលាឲ្យប្រជាពលរដ្ឋ សិស្ស និស្សិតចូលស្តាប់ និងសួរអំពីរឿងព្រំដែន ៕