អង្គការទេសចរណ៍ពិភពលោក កោតសរសើរសម្តេចតេជោ ហ៊ុន សែន ដែលបានចាត់វិធានការ ទប់ស្កាត់កូវីដ-១៩ និងចាប់ផ្តើមជំរុញចលនា ទេសចរណ៍ក្នុងស្រុកឡើងវិញ

0

ភ្នំពេញ៖ យោងតាមលិខិតរបស់លោក ហ្សូរ៉ាប ប៉ូឡូលីកាស៊្វីលី អគ្គលេខាធិការ អង្គការទេសចរណ៍ ពិភពលោក ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ដែលបានគោរពផ្ញើជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺបានកោតសរសើរ យ៉ាងស្មោះស្ម័គ្រ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវ វិធានការប្រកប ដោយប្រសិទ្ធភាព និងសកម្មបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនេះដែរ អង្គការទេសចរណ៍ពិភពលោកក៏សូមជូនពរដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យជួបតែសុខសុវត្ថិភាព និងសុខភាពល្អអំឡុងពេលនៃថ្ងៃឈប់សម្រាកពិធីចូលឆ្នាំខ្មែរ ដែលតាមប្រពៃណីប្រារព្ធធ្វើឡើងក្នុងខែមេសា តែត្រូវបានលើកពេលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

អង្គការទេសចរណ៍ពិភពលោក ពិតជារីករាយខ្លាំងណាស់ ដោយបានឃើញកម្ពុជា កំពុងតែចាប់ផ្តើមទេសចរណ៍ ក្នុងស្រុកឡើងវិញ ស្ថិតក្រោមការគ្រប់គ្រងដ៏ល្អ និងបានដាក់អនុវត្តវិធាន សុវត្ថិភាពចាំបាច់ និងអនាម័យ ក៏ដូចជាគោលការណ៍ណែនាំនានា នៅតាមតំបន់ទេសចរណ៍។ ការចាប់ផ្តើមឡើងវិញ ប្រកបដោយការទទួលខុស ត្រូវនេះ ពិតជាស្របតាមអនុសាសន៍ណែនាំរបស់អង្គការទេសចរណ៍ពិភពលោក។

អង្គការទេសចរណ៍ពិភពលោក កំពុងសម្របសម្រួល ការបើកឡើងវិញនូវ វិស័យទេសចរណ៍ ដោយសហការជាមួយប្រទេស ជាសមាជិក និងអង្គការអន្តរជាតិនានា តាមរយៈការបង្កើតគោលការណ៍ណែនាំ និងអនុសាសន៍នានា សម្រាប់ការចាប់ផ្តើមឡើងវិញនូវសកម្មភាពទេសចរណ៍ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។ យើងខ្ញុំសូមអរគុណដល់កម្ពុជាជាអនេក សម្រាប់ការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដែលបានឆ្លុះបញ្ចាំង ពីការចូលរួមយ៉ាងសកម្ម របស់កម្ពុជា ក្នុងសកម្មភាពរបស់អង្គការទេសចរណ៍ពិភពលោកអំឡុងពេលវេលាដ៏លំបាកនេះ។

ជាថ្មីម្តងទៀត អង្គការទេសចរណ៍ពិភពលោក សូមសំដែងនូវការកោតសរសើរខ្ពស់ ចំពោះការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រូ ដែលតែងតែទុកសុខុមាលភាព និងសុវត្ថិភាព ប្រជាពលរដ្ឋជាអាទិភាព ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំថ្មីនេះ នឹងចូលរួមចំណែក ដល់ការចាប់ផ្តើមឡើងវិញ នូវទេសចរណ៍ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ ក្នុងប្រទេសកម្ពុជា៕