ភ្នំពេញ៖ ព្រះខ័នរាជ្យ ឬហៅថាព្រះខ័នជ័យ ជាឈ្មោះ សស្ត្រា ១យ៉ាងសឹង រាប់ជាគ្រឿង កកុធភណ្ឌ សម្រាប់ព្រះរាជាម្ចាស់ផែនដី គឺក្សត្រដែលនឹង ទទួលព្រះរាជពិធីរាជាភិសេក ជាព្រះរាជាម្ចាស់ផែនដី ត្រូវមានគ្រឿងសម្រាប់រាជ្យ ឲ្យគ្រប់មុខដែលហៅរួមថា បញ្ចកកុធភណ្ឌ ឬរាជកកុធភណ្ឌ ឬក៏ ហៅខ្លីថា កកុធភណ្ឌ គឺ១.ព្រះមកុដ, ២.ព្រះវាលវីជនី (ផ្លិតធ្វើដោយរោមសត្វពណ៌ស), ៣.ព្រះខ័ន, ៤.ស្វេតច្ឆត្រ, ៥.ព្រះសុវណ្ណបាទុកា (ស្បែកជើងមាស) ។ ភណ្ឌៈទាំង ៥យ៉ាងនេះ រាប់ជាគ្រឿងឥស្សរិយយស របស់ព្រះរាជាម្ចាស់ផែនដី ។ នេះបើយោងតាម ការចុះផ្សាយរបស់ទទក។
ដោយហេតុព្រះខ័នរាប់បញ្ចូល ក្នុងពួករាជកកុធភណ្ឌ ដូច្នេះហើយទើបមិនបាន រាប់ជាគ្រឿងចម្បាំង ដោយត្រង់ រាប់ទៅជាគ្រឿងកម្រាប់សឹកពិសេស ឬជាគ្រឿងប្រហារជាន់ខ្ពស់, កាលនឹងស្ដេចចេញទៅធ្វើព្រះរាជសង្គ្រាម ក៏ត្រូវយកព្រះខ័នជាប់នឹងព្រះអង្គទៅផង ជាដរាបតែមិនមែនយកទៅប្រើ កាប់សម្លាប់ផ្ដេសផ្ដាស ដូចអាវុធឯទៀតទេ លុះតែកាលណាសត្រូវ ដែលអង់អាចចូលមកដល់ ព្រះអង្គដែលត្រូវប្រើអាវុធខ្លីប្រហារនោះ ទោះនឹងយក ព្រះខ័នប្រហារ ឲ្យវិនាសទៅបាន រួចសេចក្ដីទៅថា ត្រូវតែសម្លាប់ដោយកិត្តិយស ។
(ក.ក.ន) គឺបានន័យថាព្រះខ័នរាជ្យនេះ គឺជាគ្រឿងរាជសម្រាប់ការឡើង សោយរាជមួយ ក្នុងចំណោមគ្រឿងផ្សេងៗទាំង ៥ ដូចរៀបរាប់ខាងលើ ។ មិនតែប៉ុណ្ណោះ ព្រះខ័នរាជ្យនេះ នៅក្នុងសម័យបុរាណ គឺមានអំណាច និងឥទ្ធិពលខ្លាំងណាស់ ។ មានន័យថា ព្រះខ័នរាជ្យនេះ មានអំណាចស្មើ ស្ដេចព្រះខ័នរាជ្យ ទៅដល់ទីណាទោះបីគ្មាន វត្តមានព្រះមហាក្សត្រ ក៏មន្ដ្រីនាម៉ឺនប្រជារាស្ដ្រ គោរពព្រះខ័នរាជ្យនេះ ស្មើស្ដេចដែរ ។
ពេលខ្លះគេហៅថាជា ដាវអាជ្ញាសឹក ខណៈពេលព្រះមហាក្សត្រ ប្រគល់សិទ្ធិដាវនេះ ឲ្យមន្ដ្រីនាម៉ឺនណា ទៅអនុវត្តបទបញ្ជាព្រះមហាក្សត្រ គឺអ្នកនោះ អាចប្រើដាវនេះសម្រេចកិច្ច ជូនព្រះមហាក្សត្រនៅទីនោះដែរ រហូតដល់ថា អ្នកណារឹងទទឹងសម្លាប់មុន កាត់ក្ដីជាក្រោយក៏បាន ។
ព្រះខ័នរាជ្យសព្វថ្ងៃនេះ គេតម្កល់ទុកនៅហោព្រះបញ្ចក្សេត្រ (ហោទេវរូប) នៅក្នុងព្រះបរមរាជវាំង មានពួកបារគូជាភ្នាក់ងារ ថែរក្សាយ៉ាងតឹងរ៉ឹង ហើយនឹងមាន កិច្ចធ្វើពិធីបូជារៀងរាល់ខែផង កំណត់ពលីការក្នុង ១ខែ ២ដង, តាមប្រក្រតីគេធ្វើ ខាងខ្នើតម្ដង, ខាងរនោចម្ដង, តែជួនកាលខាងខ្នើត មិនបានធ្វើ គេទៅធ្វើខាងរនោចពីរដងតែម្ដងក៏មាន, ការធ្វើខាងខ្នើតខាងរនោចនេះ មិនមានកំណត់ឲ្យជាការទៀងទាត់ទេ ស្រេចតែមានឱកាសស្រួល កាលណាក៏ធ្វើកាលនោះទៅ មានកំណត់ទៀងតែក្នុង ១ខែ ត្រូវធ្វើពីរដង នឹងបន្ថយឲ្យតិចទៅជាងនេះពុំបាន, ហើយមានកំណត់ឈ្មោះ ថ្ងៃដែលត្រូវធ្វើ បានតែ៣ ឈ្មោះគឺ ថ្ងៃអង្គារ ១, ថ្ងៃព្រហស្បតិ៍ ១, ថ្ងៃសៅរ៍ ១។
តែក្នុងមួយខែៗ គប្បីធ្វើឲ្យត្រូវ ក្នុងថ្ងៃព្រហស្បតិ៍ម្ដងៗ ជាដរាបដល់គ្រប់ទាំង ១២ខែ, ឯថ្ងៃអង្គារ និងថ្ងៃសៅរ៍ គេធ្វើឆ្លាស់គ្នាឧបមាដូចយ៉ាងផ្ដើម ធ្វើឡើងក្នុងខែមិគសិរជាដំបូង ក្នុងខែដំបូងនោះបើវារៈដំបូង ធ្វើក្នុងថ្ងៃអង្គារក្ដី ឬក្នុងថ្ងៃសៅរ៍ក្ដី នោះវារៈទី២ ត្រូវធ្វើនៅក្នុងថ្ងៃព្រហស្បតិ៍ ឬវារៈដំបូងធ្វើ ក្នុងថ្ងៃព្រហស្បតិ៍ វារៈទី២ នឹងធ្វើក្នុងថ្ងៃអង្គារ ឬថ្ងៃសៅរ៍ ឯណានីមួយក៏បាន ។ ក្នុងខែទី២ បើក្នុងខែដំបូង ធ្វើក្នុងថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ហើយត្រូវធ្វើក្នុងថ្ងៃសៅរ៍ និងថ្ងៃព្រហស្បតិ៍ គេឆ្លាស់គ្នាដូច្នេះ រៀងគ្រប់ៗខែ រហូតរយឆ្នាំពាន់ឆ្នាំទៅ ។ ឯគ្រឿងពលីការព្រះខ័ន រាល់ៗខែនោះមានកំណត់ចំនួនដូច្នេះ សំពត់ ស ៤ត្បូង គឺ ៣២ហត្ថ, បាយសី ៥រួត ១គូ ,ស្លាធ័រ ១គូ, ស្លាជម ១គូ, ស្លាត្រួយ ៥, បាយព្រះ ៥កញ្ចប់, ប្រាក់ ៥ស្លឹង (វេលានេះគេដាក់ ៥កាក់), ចម្អាប ២តុ , បង្អែម ២តុ , ក្បាលជ្រូក ១គូ , ទាស្ងោរ ១គូ , មាន់ស្ងោរ ១គូ ។
គេរៀបតុ ១តូចទាប ក្រាលពូកដាក់ខ្នើយតូច១ ពីមុខតុគឺពីខាងកើត គេក្រាលព្រំ ហើយរៀបគ្រឿងពលីការ ដូចមានខាងលើនេះ វេលាប្រមាណ យាម ២ គឺម៉ោង ១០ព្រឹក គេអញ្ជើញព្រះខ័នមកដាក់តម្កល់ លើពូកដាក់ចុងទៅខាងត្បូង គល់ទៅខាងជើង ហើយពួកព្រាហ្មណ៍ ៨នាក់ សូត្របូជាស្រេច ហើយអញ្ជើញទុកកន្លែងដើមវិញ ។
ការហូតព្រះខ័ននេះ ចេញពីស្រោម មានកំណត់ហូតបានតែ ក្នុងថ្ងៃអង្គារ ដែលមានធ្វើពិធីពលិការ ថ្ងៃឯទៀតដូចយ៉ាង ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ សូម្បីមានពលីការក៏ហូតមិនបានដែរ ។
លោកថា ព្រះខ័នរាជ្យអង្គនេះ ជារបស់បុរាណ សង្កេតមើលលក្ខណៈ ក៏គួរជឿដូច្នោះ ពិតតាមក្នុងរាជពង្សាវតារថា សាងឡើងក្នុងរជ្ជកាល ព្រះបាទ សម្ដេចព្រះ កេតុមាលា រួមវេលាប្រមាណជាង ១០០០ឆ្នាំហើយ រាប់ជារបស់បុរាណដោយពិត ។
«លក្ខណៈព្រះខ័នរាជ្យ» ផ្លែព្រះខ័នមានមុខ ទាំងសងខាង រាងប្រហែលនឹងស្លឹកស្រូវ ខ្នាតវាស់រួម ពីដងដល់ចុង ស្រោម ១ម០៨៧ បណ្ដោយទាំង ដង ទាំងផ្លែ ១ម០០៧ បណ្ដោយផ្លែ ០ម៧២ ទទឹងផ្លែ ០ម០៦ បណ្ដោយដងប្រវែង ០ម២៨៧ បណ្ដោយស្រោម ០ម៨០ ទទឹងស្រោម ០ម០៨៥ ។
ក្បាច់រចនា៖ នៅគល់ផ្លែ និងតាមជួរកណ្ដាលផ្លែ មានក្បាច់វៀរតែមុខ និងចុង, នៅរវាងក្បាច់ខាងគល់ផ្លែ ទាំងសងខាងមានរូប ព្រះឥន្ទគង់លើដំរី ក្បាលបី និងរូបព្រះវិស្ណុឈរលើក្បាលរាហូ ។ ដងមាសក្បាច់សុសហើយ បញ្ចុះថ្នាំពណ៌ចុងដើមដង មានប្រដាប់ត្បូងផ្សេងៗ ជាច្រើនគ្រាប់ ។
ស្រោមមាសមានរចនាសុស រវាងកណ្ដាលស្រោម មានរូបព្រះវិស្ណុ និងព្រះរាមគង់លើ ពាហនៈផ្សេងៗ គឺនៅខាងចុងស្រោម ឬនៅខាងលើបង្អស់ រូបព្រះវិស្ណុព្រះហស្ដ ៤គង់ លើគ្រុឌនោះ ចាប់នាគដោយជើងទាំងសងខាង, តមក ៥ រូបគេស្មានថា រូបព្រះរាមគង់លើស្ដេច ពានរផ្សេងៗ គឺគង់លើមហាជម្ពូ ១, គង់លើពាលី ១, គង់លើសុគ្រីព (សុគ្រីវៈ) ១, គង់លើអង្គទ ១, គង់លើហនុមាន១ ។
(សម្រង់ចេញពី ព្រះរាជពិធីទ្វាទសមាស, ភាគ១, ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ, ព.ស.២៥១២, ទំ.១២២១២៦) កំណត់សម្គាល់ ព្រះខ័ន មានបីប្រភេទគឺ៖ ១.ព្រះខ័នរាជ្យ ២.ព្រះខ័ន រង ៣.ព្រះខ័ន ស្ដេចត្រាញ់ ៕