ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ មន្រ្តីនគរបាលចំនួន ៧នាក់ ត្រូវបានលោ កស្រី ទិត ដាលីន ចៅក្រមស៊ើ បសួរនៃ សាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន ប ណ្តោះអាសន្ន នៅពន្ធនាគារខេត្តកំពង់ស្ពឺ តាមអំណាចដីកា លេខ៩៦៥, ៩៧០, ៩៦៤, ៩៦៩, ៩៦៧, ៩៦៨ និង ៩៦៦ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩ លោក កង ភារី អធិការរងទទួលផែនសន្តិសុខ នៃអធិការដ្ឋាននគរបាល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានយកអាវុធខ្លីរបស់ខ្លួនមួយដើមម៉ាក GLock ធ្វើសកម្មភាពឈរបាញ់បោះសេរីចំនួន ៣គ្រាប់ នៅក្នុងបរិវេណសាលាស្រុកសំរោងទង ពីខាងត្បូងចំណុចមាត់ស្រះទឹក។
លុះដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៨:៣០នាទី លោក កង ភារី បាននាំកូនចៅផឹកស៊ីស្រវឹង អួតអាង ឌឺដងអាវុធរៀងៗខ្លួន ហើយបានមកឈរបាញ់បោះបន្ថែមទៀត ប៉ុន្តែការបាញ់បោះនោះពុំបណ្តាលឲ្យ មានជនណាម្នាក់រងរបួសស្នាមនោះឡើយ។ មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំរោង ៧នាក់នោះ ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅរសៀលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។
មន្ត្រីនគរបាលទាំង ៧នាក់នោះ មានឈ្មោះដុចខាងក្រោម៖
១. ឈ្មោះ កង ភារី ម្ចាស់កាំភ្លើង
២ .ឈ្មោះ កាន់ សៅលី ម្ចាស់ កាំភ្លើង
៣. ឈ្មោះ ដន សុខុម អ្នកបាញ់
៤. ឈ្មោះ ម៉ាន់ ប៉ុណ្ណារ៉ា អ្នកបាញ់
៥.ឈ្មោះ ម៉ាន់ ប៊ុនណ្ណារែក អ្នកបាញ់
៦.ឈ្មោះ នី សុភាក់ អ្នកបាញ់
៧.ឈ្មោះ ព្រីង ឡង់ឌី អ្នកបាញ់
ក្រុមមន្ត្រីនគរបាលនេះ ត្រូវបានសារព័ត៌មាន និងប្រជាពលរដ្ឋ ពិសេសបណ្តាញទំនាក់ទំនងសង្គម ធ្វើការរិះគន់ថា អាងខ្លួនជាសមត្ថកិច្ចផឹកស៊ីស្រវឹង បាញ់បោះសេរី បង្កឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងភ័យខ្លាច ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ តាមការបញ្ជាក់ពី ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួន ប្រមូលភស្តុតាង និងកសាងសំណុំរឿងបញ្ជូនមន្ត្រីចំនួន០៧នាក់ ពាក់ព័ន្ធនឹងការប្រព្រឹត្តបាញ់បោះ នៅទីសាធារណ: ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យវិនិច្ឆ័យតាមនីតិវិធីច្បាប់ ។
លោកបានបញ្ជាក់បន្ថែមទៀតថា ការប្រព្រឹត្តរបស់មន្ត្រីនគរបាលទាំង ៧នាក់ ខាងលើ គឺផ្ទុយពីបទបញ្ជា និងវិន័យរបស់កងកម្លាំង នគរបាលជាតិ ដែលមិនអាចលើកលែងឲ្យបាន ៕