ភ្នំពេញ៖ សល់តែ៣ថ្ងៃទៀតតែប៉ុណ្ណោះ ឱកាសការងារចំនួន ៣៣៤៦កន្លែង ពីក្រុមហ៊ុនធំៗចំនួន០៩ នឹងត្រូវផ្តល់ជូនដល់សិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារ នៅក្នុងខេត្តកំពង់ធំ និងបណ្តាខេត្តមួយចំនួនទៀតដែលនៅក្បែរៗនេះ នាថ្ងៃសុក្រ ទី២៨ ខែសីហា នៅក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ។ នេះបើយោងតាមក្រសួងការងារ។
ចំពោះក្រុមហ៊ុនធំៗទាំង០៩ ដែលបានចូលរួមក្នុងវេទិកាការងារដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ ធនាគារកាណាឌីយ៉ាសាខាខេត្តកំពង់ធំ, ក្រុមហ៊ុនធានារ៉ាប់រងហ្វតេខេមបូឌា, អង្គការក្រុមការងារកម្ពុជាសម្រាប់ការអប់រំកម្ពុជា, សុខសាន្តដីឡូតិ៍ និងលំនៅដ្ឋាន, ធនាគារព្រីនស៍, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ, ក្រុមហ៊ុន Thadi , គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក, មជ្ឈមណ្ឌលយុវជន និងអង្គការ វីអេស អូ (VSO)។
ដូច្នេះ សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុនធំៗទាំងនេះ ចូលរួមដោយមិនគិតថ្លៃ នៅក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ចាប់ពីម៉ោង៨:០០ព្រឹក-១៦:៣០ល្ងាច។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារខេត្តកំពង់ធំ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០៦២ ២១០ ២៧៧/ ០១៦ ៨៣៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕