ភ្នំពេញ៖ លោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញមកដល់ ព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២១ សីហានេះ ។ នេះបើតាមការបញ្ជាក់ពី មន្ត្រីក្រសួងការបរទេសខ្មែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី១២ សីហា បានឲ្យដឹងថា លោក ម៉ូតេហ្គី តូស៊ីមីសឺ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ។
ក្នុងអំឡុងពេលទស្សនកិច្ច លោក ម៉ូតេហ្គី តូស៊ីមីសឺ នឹងអញ្ជើញចូលជួបសម្តែងការគួរសម ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជួបពិភាក្សាទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលនៅក្នុងឱកាសនោះ បញ្ហាទ្វេភាគី និងពហុភាគីមួយចំនួន ដែលជាចំណាប់អារម្មណ៍រួម នឹងត្រូវបានលើកយកមកពិភាក្សា។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ម៉ូតេហ្គី តូស៊ីមីសឺ នៅព្រះរាជាណាចក្រកម្ពុជា នឹងជួយពង្រឹងពង្រីកថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ រវាងប្រទេសទាំងពីរនៅលើគ្រប់វិស័យ ទាំងនៅក្នុងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី ហើយក៏ជាការបង្ហាញនូវសាមគ្គីភាព ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ។
មុនអញ្ជើញមកដល់កម្ពុជា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុន បានផ្ញើសារជូនប្រជាជនកម្ពុជា ក្នុងន័យដើមទាំងស្រុងថា៖
ជំរាបសួរប្រជាជនកម្ពុជា ជាទីរាប់អាន!
ថ្ងៃនេះខ្ញុំបានមកធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជាជាលើកដំបូង ក្រោយពីខ្ញុំបានទទួលដំណែង ជារដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន។ កន្លងមកនេះ ខ្ញុំធ្លាប់បានមកធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជាប៉ុន្មាន លើករួចមកហើយ ហើយអ្វីដែលដិតជាប់នៅក្នុងចិត្តរបស់ខ្ញុំ មិនអាចបំភ្លេចបាននោះគឺ សម្រស់ថ្ងៃលិចមើលពីប្រាសាទអង្គរវត្ត។ កាលពីឆ្នាំ២០១៤ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ខ្ញុំបានមកធ្វើទស្សនកិច្ចនៅកម្ពុជា ជាមួយនាយកប្រតិបត្តិ នៃក្រុមហ៊ុនជប៉ុនជាច្រើន ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចផងដែរ។
ក្រោយសង្គ្រាមស៊ីវិលនៅកម្ពុជា ប្រទេសជប៉ុនបានរួមដំណើរ ជួយគាំទ្រដល់ដំណើរការ ស្វែងរកសន្តិភាព ការស្តារឡើងវិញក៏ដូចជា ការអភិវឌ្ឍជាបន្តបន្ទាប់ របស់ប្រទេសកម្ពុជា ដែលនេះគឺជាមូលដ្ឋានគ្រឹះ នៃចំណងមិត្តភាពនៃប្រទេសទាំងពីរ ហើយទំនាក់ទំនងនេះ មានភាពស៊ីជម្រៅថែមទៀត ក្នុងវិស័យផ្សេងៗដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្សជាដើម។ បើប្រៀបធៀបជាមួយឆ្នាំ២០១៤ ដែលខ្ញុំបានធ្វើដំណើរទស្សនកិច្ចលើកមុន ចំនួនប្រជាជនជប៉ុននៅកម្ពុជា បានកើនឡើង ២.២ដង (ពី១,៧៩៣នាក់ ដល់៣,៩៣៤នាក់) រីឯក្រុមហ៊ុនជប៉ុនកើន ២.៧ដង (ពី១៤២ក្រុមហ៊ុន ដល់៣៨៨ក្រុមហ៊ុន)។
ចំណែកឯពាណិជ្ជកម្មទ្វេភាគីកើន ២.៣ដង (ពី១០០លានដុល្លាអាមេរិករហូត ដល់២៣០លានដុល្លាអាមេរិក)។ ប្រជាជនកម្ពុជាដែលកំពុង រស់នៅប្រទេសជប៉ុនកើន ៤.៣ដង (ពី៣,៤៣៦នាក់ ដល់១៥,០២០នាក់)។ ប្រទេសកម្ពុជាស្ថិតនៅទីកណ្តាល នៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង ដែលតភ្ជាប់តំបន់មេគង្គ និងពាក់កណ្តាលនៃចំនួនប្រជាជន ជាយុវជនវ័យក្មេង និងស្វាហាប់អាយុក្រោម២៥ឆ្នាំ ដែលនេះជាសក្តានុពលធ្វើឲ្យ ទំនាក់ទំនងទ្វេភាគីមានភាព កាន់តែស៊ីជម្រៅថែមទៀត។
សហគមន៍អន្តរជាតិ កំពុងប្រឈមជាមួយការ រីករាលដាលនៃជម្ងឺកូវីដ១៩ នៅទូទាំងពិភពលោក។ ខ្ញុំសូមកោតសរសើរ ដល់ប្រទេសកម្ពុជាដែលកំពុង គ្រប់គ្រងបាននូវការឆ្លងរាលដាលនេះ ដោយកិច្ចខិតខំប្រឹងប្រែង របស់អ្នកពាក់ព័ន្ធក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងកិច្ចសហការរបស់ប្រជាជន។
ប្រទេសជប៉ុន បាននាំមុខក្នុងសហគមន៍អន្តរជាតិ ជួយដល់ប្រទេសដែលមាន ប្រព័ន្ធសុខាភិបាលមានកម្រិត ដើម្បីទប់ទល់នឹងកូវីដ១៩។ ចំពោះប្រទេសកម្ពុជា ប្រទេសជប៉ុនកំពុងចូលរួមចំណែក តាមរយៈការផ្តល់សម្ភារៈពេទ្យ (អាវពេទ្យសម្រាប់ការពារ និងស្រោមដៃជាដើម) នៅខែកុម្ភៈកន្លងមកនេះ និងការផ្តល់បរិក្ខារវេជ្ជសាស្រ្ត និងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងទឹកប្រាក់ប្រមាណ ៤,២០០លានយ៉េន ព្រមទាំងជំនួយបច្ចេកទេសតាម និងសម្ភារៈផ្សេងៗក្នុងទឹកប្រាក់ប្រមាណ ១ពាន់លានយ៉េន តាមរយៈអង្គការអន្តរជាតិផងដែរ។ ចំណែកនៅក្នុងវិស័យឯកជន ក្រុមហ៊ុនជប៉ុនកំពុងសហការ ក្នុងការផ្តល់កម្មវិធីអប់រំជា App និងកម្មវិធីសិក្សាតាមប្រព័ន្ធអ៊ីនធើណែត រួមទាំងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក៏បានកំពុងផ្សព្វផ្សាយនូវ វិធានការបង្ការការឆ្លងមេរោគ ក៏ដូចជាគាំទ្រដល់កុមារដែល មិនអាចចូលរៀនដោយសារ ការបិទសាលារៀន។ ជាមួយគ្នានេះ ក៏មានវេជ្ជបណ្ឌិតជនជាតិជប៉ុនមួយចំនួន បានធ្វើដំណើរចូលក្នុងប្រទេសកម្ពុជា ដើម្បីបំពេញការងារការវះកាត់បន្ទាន់ និងព្យាបាលជម្ងឺជូនប្រជាជនកម្ពុជាផងដែរ។
ចំណាត់ការលើវិធានការកូវីដ១៩ទាំងនេះ ក៏បានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំផងដែរ។
ដើម្បីពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត យើងនឹងបន្តកិច្ចពិភាក្សា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបើកឡើងវិញនូវ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក្នុងវិស័យធុរកិច្ចតាមលក្ខណៈសមស្របនឹងការការពារការឆ្លងរាលដាលសារជាថ្មីនៃកូវីដ១៩។ ម៉្យាងវិញទៀត ខ្ញុំក៏មានបំណងជម្រុញនូវសាមគ្គីភាពឆ្ពោះទៅរកការស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍក្រោយពេលដែលការរីករាលដាលកូវីដ១៩នេះត្រូវបានបញ្ចប់ផងដែរ ។
កាលពីខែមករាឆ្នាំនេះ ខ្ញុំបានជួបជាមួយយុវជនកម្ពុជាដែលមានចំណាប់អារម្មណ៍លើនយោបាយចំនួន១០រូប ដែលបានមកធ្វើទស្សនាកិច្ច នៅប្រទេសជប៉ុន ហើយពួកគាត់ទាំងអស់គ្នា បានសម្តែងចេញនូវស្មារតី ចង់អភិវិឌ្ឍប្រទេសរបស់ខ្លួនខ្លាំងណាស់។ ប្រទេសកម្ពុជាមានធនធានមនុស្ស ប្រៀបដូចជាកំពូលនៃប្រាសាទអង្គរវត្ត និងប្រាសាទអង្គរធំ ដែលត្រូវបានទ្រដោយថ្មរឹងមាំ ដាក់បន្តុបលើគ្នាជាច្រើនដើម្បីឲ្យខ្ពស់។ ម៉្យាងវិញទៀត ដូចគ្នានឹងយុគសម័យអង្គរ ដែលបានរីកចម្រើនលូតលាស់ ដោយការរួមរស់ជាមួយគ្នា និងការលាយបញ្ចូលគ្នា រវាងសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា ប្រទេសកម្ពុជាមានប្រវត្តិ និងប្រពៃណីទទួលយកវប្បធម៌ គំនិតខុសៗគ្នា និងធនធានមនុស្សផ្សេងៗគ្នាផងដែរ។ ប្រទេសជប៉ុននឹងបន្តផ្តល់ការគាំទ្រ ដើម្បីឲ្យប្រទេសកម្ពុជាអាចដើរ លើមាគ៌ាសំដៅទៅរកទិសដៅ នៃការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យរបស់ខ្លួន ដោយបញ្ចូលកម្លាំងយុវជនជាសសរទ្រូង។
ខ្ញុំទន្ទឹងរង់ចាំនឹងជួបពិភាក្សា យ៉ាងស្មោះអស់ពីចិត្ត ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ដើម្បីបន្តភាពជាដៃគូយុទ្ធសាស្ត្រ របស់ប្រទេសយើងទាំងពីរកាន់ តែរីកចម្រើនថែមទៀត ៕