ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហាញសារ ៧ចំណុច ជាចំណេះដឹងសម្រាប់យុវជន អំពីច្បាប់ និងការអនុវត្តសិទ្ធិសេរីភាព នៃការជួបជុំតវ៉ា និងបញ្ចេញមតិឆ្លើយតបទៅនឹង សេចក្តីថ្លែងការណ៍ដែលមិនច្បាស់លាស់ និងគ្មានមូលដ្ឋានរបស់ អង្គការសង្គមស៊ីវីលមួយក្រុម៖
១.បើពិនិត្យទៅលើឈ្មោះអង្គការ សមាគមដែលចេញសេចក្តីថ្លែងការណ៍នេះ ភាគច្រើនជាអង្គការសមាគមខ្យល់ ដែលមិនមានសកម្មភាព អ្វីទេនាពេលកន្លងមក ក្រៅតែពីការប្រមូលផ្តុំគ្នាចេញសារ និងសេចក្តីថ្លែងការណ៍នយោបាយ ក្នុងការការពារក្រុមគោលដៅ នយោបាយរបស់គេ និងរិះគន់វិធានការច្បាប់របស់រដ្ឋាភិបាល ដោយគ្មានមូលដ្ឋាន។ ដូច្នេះ ក្រសួងមហាផ្ទៃក៏អាច ពិនិត្យមើលឡើងវិញផងដែរ ទៅលើសកម្មភាពរបស់ អង្គការសមាគមទាំងនោះ ដោយផ្អែកលើមូលដ្ឋាននៃ ច្បាប់ស្តីពីការបង្កើតសមាគម និងអង្គការក្រៅរដ្ឋាភិបាល ជាពិសេសអំពីសុច្ចរិតភាព និងអព្យាក្រឹត្យភាពនយោបាយ នៃសកម្មភាពរបស់ពួកគេ។
២.រដ្ឋធម្មនុញ្ញចែងថា ពលរដ្ឋមានសិទ្ធិសេរីភាព នៃការជួបជុំបញ្ចេញមតិនិងតវ៉ា តែក៏បានចែងបន្ថែមទៀតដែរថា ការអនុវត្តសិទ្ធិទាំងនេះ ត្រូវកំណត់ដោយច្បាប់។ ដូច្នេះ យើងត្រូវមើលរដ្ឋធម្មនុញ្ញឱ្យអស់ កុំមើលតែមួយផ្នែក រួមទាំងច្បាប់ទាំងឡាយ ដែលពាក់ព័ន្ធផងដែរ ដើម្បីអាចដឹងបានថាសកម្មភាពណាជាការអនុវត្តសិទ្ធិ និងសកម្មភាពណាជាការបំពានច្បាប់ ដែលអាចនាំឱ្យមានការទទួលខុសត្រូវ តាមផ្លូវច្បាប់ណាមួយជាយថាហេតុ។
៣.ការជួបជុំតវ៉ាដោយសន្តិវិធី សហការជាមួយសមត្ថកិច្ច និងគោរពតាមវិធានការសន្តិសុខ សុវត្ថភាព និងសុខភាពសាធារណៈ គឺជាការអនុវត្តសិទ្ធិដែលធានា ដោយរដ្ឋធម្មនុញ្ញនិងច្បាប់ តែផ្ទុយទៅវិញ ការជួបជុំតវ៉ាដោយមិនបានជូនដំណឹង និងសហការជាមួយសមត្ថកិច្ច បំពានវិធានការសន្តិសុខ សុវត្ថភាព និងសុខភាពសាធារណៈ បង្កជាអំពើហឹង្សានិងភាពចលាចលក្នុងសង្គម ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងសិទ្ធិសេរីភាពអ្នកដ៏ទៃ រួមទាំងការដាក់សម្ពាធដល់ស្ថាប័នតុលាការ ដែលជាស្ថាប័នឯករាជ្យផងដែរនោះ គឺជាអំពើល្មើសទៅនឹងច្បាប់ ដែលសមត្ថកិច្ចត្រូវចាត់ គ្រប់វិធានការដើម្បីទប់ស្កាត់ ហើយអ្នកតវ៉ាក៏ត្រូវទទួលខុសត្រូវ តាមផ្លូវច្បាប់ផងដែរដែលមានជាធរមាន។
៤.ការបញ្ចេញមតិអំពីក្តី កង្វល់ពាក់ព័ន្ធបញ្ហាព្រំដែន គឺជាការអនុវត្តសិទ្ធិសេរីភាព នៃការបញ្ចេញមតិ តែផ្ទុយទៅវិញការបញ្ចេញមតិ ដោយបំផ្លើសនិងបំភ្លៃព័ត៌មាន មិនពិតពីបញ្ហាព្រំដែន ក្នុងចេតនាទុច្ចរិតញុះញង់ បង្កភាពចលាចលប៉ះពាល់ ដល់សន្តិសុខជាតិ មិនមែនជាការអនុវត្តសិទ្ធិនោះទេ តែជាបទល្មើសព្រហ្មទណ្ឌ ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវ តាមផ្លូវច្បាប់ដែលមានជាធរមាន។
៥.បញ្ហាព្រំដែនជាបញ្ហារសើប និងមានភាពស្មុកស្មាញ ហើយការបំផ្លើសនិងបំភ្លៃព័ត៌មាន មិនពិតពីបញ្ហាព្រំដែននេះ នឹងអាចនាំឱ្យមានគ្រោះថ្នាក់ ធ្ងន់ធ្ងរដល់ប្រទេសជាតិ ជាពិសេសប៉ះពាល់ដល់សន្តិសុខជាតិ និងទំនាក់ទំនងការទូត ជាមួយប្រទេសជិតខាង ដូច្នេះវិធានការច្បាប់ក្នុងការទប់ស្កាត់ និងបង្រ្កាបត្រូវតែម៉ឹងម៉ាត់បំផុត ដើម្បីការពារសុខសន្តិភាព ជូនប្រទេសជាតិ។
៦.ការដោះស្រាយបញ្ហាព្រំដែន គួរតែត្រូវបានធ្វើឡើងដោយអ្នកជំនាញ ដែលមានបទពិសោធន៍ ការស្រាវជ្រាវ និងចំណេះដឹងច្បាស់លាស់ អំពីបញ្ហាព្រំដែន ជាជាងធ្វើឡើងដោយក្រុមសកម្មជន និងឈ្មួញនយោបាយដែលគ្មានជំនាញ ចំណេះដឹង និងការស្រាវជ្រាវទាល់ តែសោះអំពីបញ្ហានេះ ដោយសូម្បីតែមើលផែនទីក៏មិនចេះ មើលហើយមើលក៏ មិនត្រូវជ្រុងផងដែរនោះទេ តែបែជានាំគ្នាទៅមើលលើ ផែនដីឯណោះទៅវិញ។
៧.តុលាការជាស្ថាប័នឯករាជ្យ គ្មានជនណា ឬក្រុមអង្គការអន្តរជាតិណាមួយ អាចដាក់សម្ពាធនិងបង្គាប់បញ្ជា មកលើតុលាការបាននោះទេ។ ការចេញសេចក្តីថ្លែងការណ៍ ដាក់សម្ពាធនិងទាមទាឱ្យតុលាការ ដោះលែងជនជាប់ចោទ និងទម្លាក់ចោលបទចោទ មិនមែនជាមធ្យោបាយស្របច្បាប់ ក្នុងការការពារជនជាប់ចោទនោះទេ ហើយក៏នឹងមិនមានឥទ្ធិពលអ្វីដែរ ទៅលើការសម្រេចរបស់ តុលាការដែលជាស្ថាប័នឯករាជ្យ។ ការកំណត់ពីពិរុទ្ធភាព បទល្មើស និងទោសទណ្ឌរបស់ជនល្មើស គឺជាសមត្ថកិច្ចផ្តាច់មុខ របស់តុលាការដោយផ្អែក លើមូលដ្ឋាននៃអង្គហេតុ និងអង្គច្បាប់ដែលមានជាធរមាន គឺមិនមែនអាស្រ័យលើបក្សពួក ឬក្រុមសម្ព័ន្ធមិត្ត និងអង្គការដែលគាំទ្រ និងការពារសកម្មភាពខុសច្បាប់ របស់ជនល្មើសនោះទេ ហើយមធ្យោបាយតាមផ្លូវច្បាប់ តែមួយគត់ក្នុងការការពារ ជនជាប់ចោទក្នុងសង្គម ប្រជាធិបតេយ្យនីតិរដ្ឋ គឺការចូលរួមក្នុងដំណើរនីតិវិធីតុលាការ ដើម្បីធ្វើការការពារខ្លួនតាមផ្លូវច្បាប់ ៕