ភ្នំពេញ៖ កម្លាំងជំនាញនៃនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយ សមត្ថកិច្ចចុះបង្រ្កាបក្រុមឆបោកប្រាក់ តាមបណ្តាញទូរគមនាគមន៍ ពីបណ្តាភ្នាក់ងារផ្ញើនិងដកប្រាក់ តាមបណ្តឹងរបស់ ប្រជាពលរដ្ឋ ចំនួន២០ករណី ក្នុងនោះបានឃាត់ខ្លួនបក្ខពួកក្រុមឆបោកជាបន្តបន្ទាប់បាន៤នាក់ ផងដែរ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញ ពីនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធិអគ្គស្នងការរង នគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំ បញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯកជា ពៅ ប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តចុះបង្ក្រាប ករណីឆបោកប្រាក់តាមបណ្តាញទូរគមនាគមន៍ ពីបណ្តាភ្នាក់ងារ ផ្ញើនិងដកប្រាក់ តាមបណ្តឹងរបស់ ប្រជាពលរដ្ឋ ចំនួន២០ករណីទៀត ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដោយជនសង្ស័យបានក្លែង ជាបុគ្គលិកក្រុមហ៊ុន ផ្ញើនិងដកប្រាក់ទំនាក់ទំនង ទៅបណ្តាភ្នាក់ងារ ផ្ញើនិងដកប្រាក់ ប្រាប់ថាក្រុមហ៊ុន មានកម្មវិធីពិសេស ដោយឱ្យភ្នាក់ងារផ្ញើតាមការណែនាំ របស់ជនសង្ស័យ ម្តងមួយៗដោយមិនឱ្យភ្នាក់ងារចាប់អារម្មណ៍ ជាលេខកូដផ្ញើប្រាក់ ទៅលេខទូរសព្ទដែលពួកគេបាន ត្រៀមទុកឡើយ រួចក៏ឱ្យលេខកូដទៅបក្ខពួកដើម្បីដកប្រាក់ តាមបណ្តាភ្នាក់ងារផ្ញើនិងដកប្រាក់។
កម្លាំងនាយកដ្ឋាន ប្រឆាំងបទល្មើស បច្ចេកវិទ្យា បានសហការជាមួយកម្លាំង អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យ៖
១–ឈ្មោះ សុខ ចាន់ថា ហៅថា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ
២–ឈ្មោះ ចៃ ឆេងលី ហៅចេក ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ
៣–ឈ្មោះ សៀ វេងស្រៀង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ
៤–ឈ្មោះ ខុន ប្រុសពេជ្រ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ នៅចំណុចផ្ទះសំណាក់ឌីមនោរម្យលេខ៣៣១ ផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាំមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានចៅក្រម ស៊ើបសួរនៃសាលាដំបូង រាជធានីភ្នំពេញ លោក រស់ សាម៉ឺឌី នៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០២០ បានចេញដីកាសម្រេចឲ្យឃុំខ្លួន។
លោកឧត្តមសេនីយ៍ឯក ប្រធាននាយដ្ឋាន សូមក្រើនរំឭក ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមជនឆបោក បើមានករណីនេះកើតឡើង សូមមកដាក់ពាក្យ បណ្តឹងនៅនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា៕