ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០២០នេះបាន បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ក្នុងអំឡុងពេល ឈប់សម្រាក៥ថ្ងៃ ជាពិសេសត្រូវរក្សាសុវត្ថិភាពសុខភាពដើម្បី បង្ការជំងឺកូវីដ១៩ដោយ ត្រូវពាក់ម៉ាស់ជាប់ជានិច្ច លាងដៃឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាពចៀសវាងធ្វើដំណើរជាមួយអ្នកមានអាការៈក្តៅខ្លួន និងផ្លូវដង្ហើម…..។
តាមរយៈ គេហទំព័រហ្វេសប៊ុក នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុងន័យ ដើមទាំងស្រុងថា«
រីករាយ ថ្ងៃឈប់សម្រាក ១៧– ២១!សូមថែរក្សាសុវត្ថិភាពសុខភាពចៀសវាង ការឆ្លងជំងឺកូវីដ១៩ សូមសម្អាតរថយន្តជាប្រចាំ ពាក់ម៉ាស់ជាប់ជានិច្ច លាងដៃឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព
ចៀសវាងធ្វើដំណើរជាមួយអ្នកមានអាការៈក្តៅខ្លួន និងផ្លូវដង្ហើម…។ល។ និង ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល»។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវបន្តថា«ក្រៅពីសុវត្ថិភាពសុខភាព សូមបងប្អូនបើកបរមានការប្រុងប្រយ័ត្ន យោគយល់អោយគ្នាទៅវិញទៅមក ហើយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចៀសវាងកុំអោយមានការសោកស្តាយនៅក្នុងថ្ងៃឈប់សម្រាក។
សូមអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍អោយបានល្អនៅក្នុងថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី ១៧ ដល់ ២១ សីហា ២០២០ នេះ»។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ–១៩ នៅកម្ពុជាមាន៖
អ្នកមានវីរុសកូវីដ–១៩ មានចំនួនសរុប ២៧៣នាក់។
អ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៣៨នាក់។ចំណែក អ្នកកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប ៣៥នាក់៕