ភ្នំពេញ៖ កម្លាំងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះបង្ក្រាបទីតាំងលួច ផលិតស្ករត្នោតក្លែងក្លាយមួយកន្លែង នៅភូមិរំលិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ដកហូតស្ករក្លែងក្លាយជាង ៣០០គីឡូក្រាម ។
ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែន ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការឯកភាព ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល និងមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
បើតាមនគរបាលបានឲ្យដឹងថា ម្ចាស់ទីតាំង មានឈ្មោះ ជុន មុំ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរផលិតកែច្នៃស្ករត្នោតក្លែងក្លាយ ធ្លាប់ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំឲ្យបញ្ឈប់ ផលិតស្ករត្នោតក្លែងក្លាយចំនួន ៥លើករួចមកហើយ ។
ក្នុងប្រតិបត្តិការកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចដកហូតបានវត្ថុតាង មួយចំនួនរួមមាន ស្ករត្នោត ក្លែងក្លាយផលិតរួចចំនួន១២ធុង ស្មើ៣៤៨គីឡូក្រាម , ស្ករស ចំនួន ៣បាវ ស្មើ១៥០គីឡូក្រាម , ប្រេងឆា ១ប៊ីដុងកន្លះ ស្មើនឹង៧,៥លីត្រ , ម៉ូទ័រកូស្ករ ចំនួន ១ឆ្នាំងខ្ទះ ចំនួន៣ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីសាកសួរ ម្ចាស់ទីតាំងតាមផ្លូវច្បាប់ ៕






