រំដោះស្ត្រីជនជាតិចិនម្នាក់ ក្នុងករណីចាប់មនុស្ស ដាក់រថយន្តជំរិតទារប្រាក់ (Video)

0

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​ និងបង្ក្រាបករណីចាប់មនុស្ស ដាក់រថយន្តជំរិតទារប្រាក់ រំដោះបានស្ត្រីជនជាតិចិនម្នាក់ កាលពី​វេលា​ម៉ោង​ ៦​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ ត្រង់ចំណុច​ព្រែកត្រែង ស្រុក​ស្ទឹងហាវ ខេត្តព្រះសីហនុ ។

ករណីចុះបង្ក្រាបនេះ ក្រោយពីលោកស្នងការខេត្តព្រះសីហនុ បានទទួលដំណឹងថា កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ មាន​ករណី​ចាប់​មនុស្ស​បញ្ចូល​ ក្នុង​រថយន្ត​នៅ​ចំណុច​ហាង​ លក់​សម្លៀកបំពាក់​យីហោ កូ​កូ កែង​មហោស្រព​ចាស់ ក្នុង​សង្កាត់​លេខ​២ ​ក្រុងព្រះសីហនុ ។

ចំណែក​ជនសង្ស័យ​មាន​គ្នា​ ៣​នាក់ បានរត់គេចខ្លួនបាត់ស្រមោល ។ ជនសង្ស័យទាំង ៣នាក់ មាន​ភិនភាគ​ដូចខាងក្រោម៖

១-​មនុស្ស​ប្រុស ពាក់​អាវយឺត​ដៃខ្លី ពណ៌​ខៀវចាស់ ស្លៀកខោ​ខ្មៅ​ជើងវែង ពាក់មួក​ខ្មៅ ។​

២-​មនុស្ស​ប្រុស ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ខ្មៅ ស្លៀកខោ​ខ្មៅ​ជើងវែង ពាក់មួក​ខ្មៅ ។​

៣-​អ្នកបើកបរ​ម្នាក់​ មិន​ចុះ​ពីលើ​រថយន្ត​ ។

​ជនសង្ស័យជិះរថយន្ត​ម៉ាក ហាយ​ឡេ​ន​ឌ័​រ (HIGHLANDER) ពណ៌​ទឹកមាស មិន​ចាំ​ស្លាក​លេខ បានធ្វើ​សកម្មភាព​ចាប់​មនុស្ស​ ស្រី​ម្នាក់​ពាក់​រូប​ពណ៌​ខ្មៅ ដាក់ចូល​ទៅក្នុង​រថយន្ត ​រួច​ធ្វើដំណើរ​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៤ ។​

​បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ​ភ្លាមៗ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានដាក់​បទបញ្ជា​ឲ្យ ​លោក​វរសេនីយ៍ឯក លី សុខ​ហ៊ី នាយ​កា​រិ​យ​ល័យ​នគរបាល ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​ជាបន្ទាន់ រហូតដល់​វេលា​ម៉ោង​ ៦​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ ត្រង់ចំណុច​ព្រែកត្រែង ស្រុក​ស្ទឹងហាវ ក្រុម​សមត្ថកិច្ច​ជំនាញ​បាន ​រំដោះ​ជនរងគ្រោះ​បានសម្រេច ។ ដោយឡែក​ជនសង្ស័យ ​កំពុង​រត់​គេចខ្លួនបាត់​អស់ ៕