ក្រោយផ្ទុះរឿងអាស្រូវ! លោកផ្កាយ២ អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ ត្រូវបានសម្ដេចក្រឡាហោម ស ខេង ផ្អាកការងារហើយ (Video)

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ ទៃកាលពីថ្ងៃទី១២ សីហា បានចេញសេចក្ដីប្រកាសមួយ សម្រេចផ្អាកការងារ ឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការនគរបាលខេត្តកំពង់ធំ ជាបណ្ដោះអាសន្ន និងតម្រូវឲ្យមកបង្ហាញខ្លួន នៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំការសម្រេចជាថ្មី។ សេចក្ដីសម្រេច របស់ក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពី ក្រុមនគរបាលជានារី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បាននាំផ្ដិតមេដៃ សុំអន្តរាគមន៍ ជួយរកយុត្តិធម៌ដោយពួកនាងអះអាងថា លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ បានធ្វើទង្វើអាក្រក់ មិនចេះអៀនខ្មាសបៀតបៀនផ្លូវភេទ មកលើកូនចៅក្រោមឱវាទជានារីភេទ និងបានលួងលោមបង្ខិតបង្ខំ ឲ្យពួកនាងទាំងអស់គ្នាបំពេញ សេចក្ដីត្រូវការនៃកាមតណ្ហារបស់ខ្លួន មិនថាអ្នកមានប្ដីឬអ្នកនៅលីវនោះទេ។

សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញលិខិតព្រមានយ៉ាងខ្លាំងៗ ដល់លោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងព្រមាន មន្ដ្រីក្រោម ឱវាទមួយចំនួនផងដែរ ករណី ខ្វះការយក ចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ ។

នៅថ្ងៃដដែលនោះសម្ដេចក្រឡាហោម ស ខេង ក៏បានចេញសេចក្ដីប្រកាសដាច់ដោយឡែកមួយទៀតផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ត្រី អ៊ឹម សុគឿនពីស្នងការរងទទួលផែនការងារធនធានមនុស្សនៃស្នងការនគរបាលខេត្តកំពង់ធំ ឲ្យបម្រើការងារនៅ នាយកដ្ឋានបុគ្គលិកផងដែរ។

ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង ក៏បានចេញសេចក្ដីសម្រេចមួយផ្សេងទៀត កាលពីថ្ងៃទី១២ សីហា ឆ្នាំ ២០២០ប្រគល់ភារកិច្ចជូនលោកឧត្តមសេនីយ៍ត្រី អ៊ិត គឹមស្រ៊ន ស្នងការរងជាស្នងការស្ដីទីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

សេចក្ដីប្រកាសបញ្ជាក់បន្ថែមថា«លោកឧត្តមសេនីយ៍ត្រី អ៊ិត គឹមស្រ៊នត្រូវទទួលបន្ទុកដឹកនាំការងាររួមនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំរហូតដល់មានការសម្រេចជាថ្មី»៕