ភ្នំពេញ៖ ក្រោយហេតុការណ៍បាក់ដងសន្ទូច បណ្ដាលឲ្យសង្កត់មនុស្សស្លាប់ និងរងរបួសធ្ងន់ជាច្រើននាក់នោះ រដ្ឋបាលក្រុងប៉ោយប៉ែត បានចេញសេចក្ដីជូនដំណឹងមួយ សម្រេចផ្អាកការដ្ឋានសំណង់អគារ របស់ក្រុមហ៊ុន ដឹផាកស៊ីធី ដែលមានទីតាំង នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សេចក្ដីជូនដំណឹងរបស់ រដ្ឋបាលក្រុងប៉ោយប៉ែត ចុះថ្ងៃទី១២ សីហា បានបញ្ជាក់ថា «រដ្ឋបាលក្រុងសូមធ្វើការផ្អាក ការសាងសង់សំណង់គ្រប់ប្រភេទ ក្នុងការដ្ឋានរបស់បុរីដឹផាកស៊ីធីប៉ោយប៉ែត ជាបណ្ដោះអាសន្ន»។
សូមរំលឹកថា យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់ និងមនុស្ស ៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍បាក់ដងសន្ទូច សង្កត់ប្រជាពលរដ្ឋ នៅក្នុងការដ្ឋានសំណង់អគារមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុដងស្ទូចដុំបន្ទះបេតុង ប្រវែងប្រមាណ ៤០ម៉ែត្រ កំពុងប្រតិបត្តិការស្ទូចបន្ទះដុំបេតុង ទំហំប្រមាណ ៤ម៉ែត្រ ៤ជ្រុង កម្រាស់១តឹក២ហ៊ុន ដើម្បីដាក់លើអគារកម្ពស់ប្រមាណ ២០ម៉ែត្រ របស់ក្រុមហ៊ុន ដឹផាកស៊ីធី មានទីតាំងនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ស្រាប់តែម៉ាស៊ីនស្ទូចបានផ្អៀង ហើយរលំបន្ទះដុំបេតុងដែលកំពុងតែស្ទូច បណ្តាលសង្កត់លើប្រជាពលរដ្ឋ ដែលកំពុងអង្គុយនៅខាងមុខផ្ទះ ក្បែរការដ្ឋានខាងលើ បណ្តាលស្លាប់មនុស្សស្រីចំនួន ៥នាក់ និងរបួសធ្ងន់ចំនួន៥នាក់។
ភ្លាមៗក្រោយពីទទួលបាន ព័ត៌មានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបានដឹកនាំបញ្ជាកម្លាំង ចូលរួមជួយសង្រ្គោះ។ ជាមួយគ្នានោះលោកអភិបាលខេត្តបន្ទាយមានជ័យ ក៏បានសូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ ក្នុងហេតុការណ៍នេះផងដែរ ៕




