ភ្នំពេញ៖ ក្រុមជនសង្ស័យពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន បានបាញ់រះតដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់ ខណៈសមត្ថកិច្ចកំពុងឡោមព័ទ្ធ បង្រ្កាបគ្រឿងញៀនមួយកាលពីរាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ភ្លាមៗនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅដល់ទីតាំងកើតហេតុ និងបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បានឲ្យដឹងថា ករណីបង្ក្រាបគ្រឿងញៀនខាងលើ គឺឃាត់ខ្លួនជនសង្ស័យបាន ២នាក់ ក្រោយពីជនសង្ស័យបានផ្ទុះអាវុធចំនួន ៥គ្រាប់ ឯសមត្ថកិច្ចបាញ់ការពារខ្លួនចំនួន ៣គ្រាប់ ។ ហើយករណីនេះជាបទល្មើសគ្រឿងញៀន ដែលសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានតាមប្រមាញ់ជនសង្ស័យ តែពួកគេបានបាញ់មកលើសមត្ថកិច្ច ខណៈកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងសមត្ថកិច្ចមូលដ្ឋានបានឡោមព័ទ្ធ ជាមួយវិធានការប្រុងប្រយ័ត្នបំផុត ។
បច្ចុប្បន្ន ជនសង្ស័យចំនួន ២នាក់ ដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន ជំនាញគ្រប់ផ្នែក ត្រូវបានឃាត់ខ្លួនបញ្ចូនទៅធ្វើការ សាកសួរនៅមន្ទីប្រឆាំង គ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីបន្តស្វែងរកបក្ខពួក យកមកផ្ដន្ទាទោសតាមច្បាប់ ៕




