ការប្រែប្រួលអាកាសធាតុ នឹងកាត់បន្ថយកំណើន សេដ្ឋកិច្ចកម្ពុជា បើមិនបន្ថែមការវិនិយោគ (Video)

0

ភ្នំពេញ៖ លោក នេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា នៅត្រឹមឆ្នាំ២០៥០ ប្រសិនបើមិនបន្ថែម ការវិនិយោគលើការបន្ស៊ាំទេ នោះការប្រែប្រួលអាកាសធាតុ នឹងកាត់បន្ថយកំណើន សេដ្ឋកិច្ចកម្ពុជាប្រមាណជា ១០% នៃផលិតផលក្នុងស្រុកសរុប (GDP) ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ មកលើប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១២ សីហានេះ លោក នេត ភក្ត្រា បានមានប្រសាសន៍ថា នៅលើពិភពលោក និងតំបន់ បាននិងកំពុងប្រឈម ទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះមហន្តរាយធម្មជាតិ ដែលកើតឡើងកាន់តែញឹកញាប់ និងធ្ងន់ធ្ងរជាងមុននូវគ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ ព្យុះសង្ឃរា និងការហូរបាក់ដី គឺជាសក្ខីភាពយ៉ាងពិតប្រាកដ។

លោកបន្ថែមថា មូលហេតុនៃការប្រែប្រួលអាកាសធាតុ បណ្ដាលមកពីកត្តាសំខាន់ៗ ២យ៉ាង៖ ១.កត្តាធម្មជាតិ៖ កើតឡើងដោយសារដំណើរការ ធម្មជាតិមានអន្តរទំនាក់ទំនង ជាមួយប្រព័ន្ធព្រះអាទិត្យដូចជាវដ្តទឹក និងថាមពល ការផ្លាស់ប្តូរនៃចលនាអ័ក្សផែនដី កម្រិតប្រែប្រួលនៃពន្លឺព្រះអាទិត្យ ចរន្តទឹកសមុទ្រ និងបន្ទុះភ្នំភ្លើង។ល។ ប៉ុន្តែបាតុភូតទាំងនេះមានភាពយឺតយ៉ាវ និងមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។ ២.កត្តាមនុស្ស៖ ការប្រែប្រួលអាកាសធាតុបណ្តាលមកពី សកម្មភាពមនុស្សកើត មានឡើងចាប់ពីការរីកចម្រើន នៃបដិវត្តឧស្សាហកម្មក្នុងអំឡុងទស្សវត្សរ៍ ឆ្នាំ១៨០០ ដែលកត្តានេះបណ្តាលមកពី ការកើនឡើងនៃការដុតប្រេងឥន្ធនៈផូស៊ីល (ការបញ្ចេញឧស្ម័នកាបូនិច)។ ចាប់ពីទស្សវត្សរ៍ឆ្នាំ១៩៣០និង១៩៦០ អ្នកវិទ្យាសាស្ត្របានបង្ហាញនូវ លទ្ធផលនៃការសិក្សាស្រាវកាន់តែច្បាស់ និង អាចជឿជាក់បានគឺ ការប្រែប្រួលអាកាសធាតុកាន់តែខ្លាំងឡើងៗ ដោយសារសកម្មភាពមនុស្ស ដែលទាមទារឱ្យពិភពលោកចាត់វិធានការ បន្ទាន់ដើម្បីដោះស្រាយបញ្ហាសកលនេះ។

លោករដ្ឋលេខាធិការបញ្ជាក់ថា តាមការសិក្សានៅឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសិក្សាស្រាវជ្រាវរយៈពេល ២ឆ្នាំ អំពីផលប៉ះពាល់នៃការ ប្រែប្រួលអាកាសធាតុចំពោះ សេដ្ឋកិច្ចកម្ពុជារហូតដល់ឆ្នាំ២០៥០ ហើយដែលលទ្ធផលនៃការសិក្សានេះ គឺ«របាយការណ៍ស្តីពី ដំណោះស្រាយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ លើកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។ លទ្ធផលនៃការសិក្សាបានបង្ហាញថា «នៅត្រឹមឆ្នាំ២០៥០ ប្រសិនបើយើងមិនបន្ថែម ការវិនិយោគលើការបន្ស៊ាំទេ នោះការប្រែប្រួលអាកាសធាតុ នឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចប្រមាណជា ១០% នៃផលិតផលក្នុងស្រុកសរុប (GDP) បណ្តាល មកពីការធ្លាក់ចុះនៃផលិតភាពពលកម្ម របស់កម្មករដោយសារតែ កំណើនសីតុណ្ហភាពខ្ពស់ ការខូចខាត ហេដ្ឋារចនាសម្ព័ន្ធដោយសារតែ ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងការបាត់បង់ទិន្នផលដំណាំកសិកម្ម» ។

លោក នេត ភក្ត្រា ថ្លែងថា ប្រទេសកម្ពុជាទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការប្រែប្រួលអាកាសធាតុ ជាក់ស្តែងតំបន់ខ្លះមានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យជន់លិចបង្កជាទឹកជំនន់ តំបន់ខ្លះទៀតមានភ្លៀងធ្លាក់តិចតួច បង្កឱ្យមានភាពរាំងស្ងួត។ កំណើននីវ៉ូទឹកសមុទ្រកើតឡើង ការជ្រាបចូលនៃទឹកប្រៃក្នុងប្រព័ន្ធទឹកសាប។ លោកថា ការប្រែប្រួលអាកាសធាតុនេះ មានផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសំខាន់ៗ ដូចជា សុខភាពមនុស្ស ផលិតកម្មកសិកម្ម ព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ី ធនធានទឹក តំបន់ឆ្នេរ និងសេដ្ឋកិច្ច ។

លោកបន្តថា កម្ពុជាត្រូវបានចាត់ក្នុងលំដាប់ទី១៣ នៅក្នុងសន្ទស្សន៍ហានិភ័យ អាកាសធាតុពិភពលោក (១៩៩៥-២០១៥) និងលំដាប់ទី៨ ក្នុងសន្ទស្សន៍ហានិភ័យពិភពលោក (២០១៦) ក្នុងចំណោមប្រទេសងាយ រងគ្រោះបំផុតលើពិភពលោក។ ជាក់ស្តែងនៅប្រទេសកម្ពុជា ផលប៉ះពាល់នៃ ការប្រែប្រួលអាកាសធាតុ លើសកម្មភាពកសិកម្ម ដែលពឹងផ្អែកលើទឹកភ្លៀង គឺជាប្រការគួរឱ្យព្រួយបារម្ភ ពីព្រោះរបរចិញ្ចឹមជីវិតតាមបែបនេះ នឹងអាចងាយរងគ្រោះខ្លាំង ដោយសារកត្តាអាកាសធាតុ។ ការបាត់បង់ផលស្រូវនៅកម្ពុជា ៧០% ដោយសារទឹកជំនន់ និង ២០% ដោយសារ ភាពរាំងស្ងួត។

លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមយ៉ាងសកកម្ម ជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយការងារ ប្រែប្រួលអាកាសធាតុដូចជា ការផ្តល់សច្ចាប័នលើអនុសញ្ញា ក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាស ធាតុ (UNFCCC) ឆ្នាំ១៩៩៥ និងពិធីសារក្យូតូឆ្នាំ២០០២ ព្រមទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីអាកាសធាតុឆ្នាំ២០១៥ ។

លោករដ្ឋលេខាធិការគូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងរៀបចំ របាយការណ៍ជាតិលើកទី១ និងទី២ និងកំពុងរៀបចំរបាយការណ៍លើកទី៣ របាយការណ៍ ២ឆ្នាំម្តងលើកទី១ និងរបាយការណ៍ការចូលរួមចំណែក អនុវត្តអនុសញ្ញាសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (INDC) និង របាយការណ៍បច្ចុប្បន្នភាពស្តីពី ការរួមចំណែករបស់កម្ពុជា ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (NDC update) នៅក្នុងឆ្នាំ២០២០នេះ។ ប្រការនេះបង្ហាញថា កម្ពុជាគាំទ្រដ៏ខ្លាំងក្លាចំពោះ កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុពិភពលោក និងក្របខ័ណ្ឌតំបន់រួមទាំងអាស៊ាន។ បើទោះបីជាយើង មិនជាប់កាតព្វកិច្ចក្នុងកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក៏ដោយ យើងបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ក្នុងការទទួលខុសត្រូវរួម តែមានកម្រិតផ្សេងគ្នា ដើម្បីជំរុញគំរូអភិវឌ្ឍន៍ ដែលធន់នឹងអាកាសធាតុ និងការបញ្ចេញការបូនទាប ៕