ភ្នំពេញ៖ រោងចក្រផលិតបារី របស់ក្រុមហ៊ុនចិនមួយកន្លែង គ្មានច្បាប់អនុញ្ញាត យីហោ BPA មានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដែលបើកដំណើរការ ជាយូរមកហើយនោះ ត្រូវបានកម្លាំងសមត្ថកិច្ចប្រឆាំង ផលិតផលក្លែងក្លាយ ចុះទៅបង្ក្រាបកាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ដោយបានដកហូតបាន បារីជាច្រើនកេស ឃាត់ខ្លួនថៅកែក្រុមហ៊ុន ព្រមទាំងរកឃើញជនជនជាតិចិន និងវៀតណាមរស់នៅអត់ច្បាប់ និងកម្មករខ្មែរប្រមាណ ១០០នាក់ មិនទាន់បើកប្រាក់ខែទៀតផង ។
ការចុះបង្ក្រាបរោងចក្រផលិតបារី គ្មានច្បាប់ខាងលើនេះ ធ្វើឡើងដោយមានកិច្ចសហការ ពីមន្ត្រីលេខាធិការដ្ឋាននៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ប៉ូលិសចិន កម្លាំងសមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងខាងលើបានបើកដំណើរការ អស់រយៈពេលជាង ២ឆ្នាំមកហើយ មានកម្មករបម្រើការងារ ជាង១០០នាក់ ហើយក្រោយពីសមត្ថកិច្ចជំនាញ អង្គភាពពាក់ព័ន្ធធ្វើការ ស្រាវជ្រាវរកឃើញថា ការផលិតបារីរបស់ក្រុមហ៊ុនមួយនេះ គ្មានច្បាប់អនុញ្ញាតពី ក្រសួងពាណិជ្ជកម្ម ហើយរកឃើញជនជាតិចិន ចំនួន១៤នាក់, ជនជាតិវៀតណាម ចំនួន៣នាក់ ស្នាក់នៅនិងធ្វើការងារ អត់ច្បាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
បើតាមសម្តីកម្មករបានឲ្យដឹងថា ពួកគាត់មិនដឹងថា រោងចក្រមួយនេះ ស្របច្បាប់ ឬមិនស្របច្បាប់ ពួកគាត់មិនបានដឹងទេ ពួកគាត់ស៊ីឈ្នួលបម្រើការងារ ក្នុងម្នាក់បានប្រាក់ខែ ជាង១០០ដុល្លារ លុះដល់សមត្ថកិច្ចជំនាញ ចុះឆែកឆេរត្រួតពិនិត្យ ទើបដឹងថា គ្មានច្បាប់គ្រប់គ្រាន់ក្នុងការផលិតទៅវិញ។
ក្រោយពីកម្លាំងជំនាញ ចុះបង្ក្រាបរោងចក្រផលិតបារី គ្មានច្បាប់របស់ជនជាតិចិនខាងលើ ដោយមានការឯកភាព ពីលោកព្រះរាជអាជ្ញាសម្ភារ ក្នុងការប្រព្រឹត្តបទល្មើសវត្ថុធាតុដើម សម្រាប់ផលិតបារីជាច្រើនកេស ត្រូវបានរឹបអូស រីឯជនបរទេសមានជនជាតិចិន ចំនួន១៤នាក់ ជនជាតិវៀតណាម ចំនួន៣នាក់ ត្រូវបាននាំខ្លួនទៅកាន់ នាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។
ដោយឡែក កម្មករជាជនជាតិខ្មែរ ជាង១០០នាក់ ត្រូវសមត្ថកិច្ច សហការជាមួយក្រសួងការងារ ស្រង់ឈ្មោះដើម្បីរៀបចំបើកប្រាក់ខែ ហើយមិនអាចបន្តការងារ នៅទីនោះបានទៀតទេ ព្រោះថា រោងចក្រត្រូវបានសម្រេចផ្អាកការងារ លែងឲ្យដំណើរការទៀតហើយ ៕