ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចន្លោះគីឡូម៉ែត្រ ២១១-២១២ លើបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុករះដ៏រន្ធត់មួយបណ្ដាលឲ្យ មានមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ២៩នាក់។
តាមរបាយការណ៍សមត្ថកិច្ច បានរៀបរាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ត ១គ្រឿងម៉ាក FUSO ពណ៌ត្រួយចេក ពាក់ផ្លាកលេខព្រះសីហនុ 3A-7073 ក្រុមហ៊ុន SP មុំ សម្ផស្ស អ្នកបើកបរឈ្មោះ កែវ សៅភី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅភូមិសាលា ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើស្ថានភាព ផ្លូវចុះចំណោទដាច់ហ្រ្វាំងជ្រុលរថយន្ត ចំនួន៣គ្រឿង មានទិសដៅស្របគ្នា។ មួយសន្ទុះក្រោយមក មានរថយន្តដឹកកុងតឺន័រ ០១គ្រឿងម៉ាក International ពណ៌ប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 3D-6269 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើ បានគេចរថយន្តម៉ាក LEXUS RX330 (ដែលជួបគ្រោះថ្នាក់ករណីទី១ កណ្តាលផ្លូវ) ជ្រុលចង្កូត មកខាងឆ្វេងដៃបុករះម៉ូតូចំនួន០៤គ្រឿង ដែលឈប់ចតមើលករណី គ្រោះថ្នាក់ចរាចរណ៍ទី១។
ចំណែកអ្នកបើកបររថយន្តម៉ាក FUSO ពណ៌ ត្រួយចេក ពាក់ផ្លាកលេខព្រះសីហនុ 3A-7073 ក្រុមហ៊ុន SP មុំសម្ផស្ស អ្នកបើកបរឈ្មោះ កែវ សៅភី បាននាំខ្លួនមកសាកសួរមក នៅអធិការដ្ឋាន នគរបាលស្រុកព្រៃនប់។ រីឯវត្ថុតាងរថយន្តចំនួន ៥គ្រឿង ខូចខាតធ្ងន់និងម៉ូតូចំនួន ៤គ្រឿង ខូចខាតធ្ងន់បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕




