ភ្នំពេញ៖ ក្រោយពីស្រ្តីខ្មែរ ជាកងទ័ពមួកខៀវ របស់កម្ពុជា ទើបត្រឡប់មកពីប្រទេសម៉ាលី បានធ្វើ តេស្ត លើក ទី ៥ ទើប ឃើញមានជំងឺកូវីដ១៩នោះបង្កក្តី ព្រួយបារម្ភ ជាខ្លាំង ដល់ ប្រជាពលរដ្ឋ ដែល រស់នៅ ជាមួយ ក្នុងភូមិ ព្រែកត្រែង សង្កាត់ សិត្បូ ក្រុង តាខ្មៅ ខេត្តកណ្តាល ប៉ុន្តែឆ្លើយនឹងករណីនេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថាស្រ្តីរូបនោះ មិនបានប៉ះពាល់ ជាមួយអ្នកណាក្រៅ ពីសមាជិកគ្រួសារដែលរស់នៅក្រោមដំបូលផ្ទះតែមួយនោះទេ។
បើតាមលិខិត របស់លោក អ៊ុ ឡេង ចៅសង្កាត់សិត្បូ ផ្ញើជូនអភិបាលក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១០ សីហា បានឲ្យដឹងថាមុនស្ត្រីរូបនេះ ត្រូវបានរកឃើញ ជំងឺកូវីដ-១៩ គឺ បានធ្វើបាយសម្ល ជូនចាស់ៗនិងចែកប្រាក់ដល់ក្មេង ព្រមទាំងធ្វើចង្ហាន់ យកទៅប្រគេនព្រះសង្ឃ នៅវត្តជម្ពូព្រឹក ថែមទៀត ។
ឆ្លើយតបមកកាន់ ក្រុមអ្នកសារព័ត៌មាន តាមរយៈបទសម្ភាសន៍ លើកញ្ចក់ទូរទស្សន៍BTVនៅរសៀលថ្ងៃទី១០ សីហានេះ លោកស្រី ឱ វណ្ណឌីនបានថ្លែងបញ្ជាក់ថា «តាមព័ត៌មានដែលផ្ដល់ ដោយស្រ្តីរូបនេះផ្ទាល់ គឺគាត់មិនបានទៅប៉ះពាល់ ជាមួយអ្នកណាក្រៅពីបុគ្គល៤នាក់ដែលរស់នៅក្រោមដំបូលផ្ទះតែមួយជាមួយគាត់រហូតដល់ថ្ងៃគាត់ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនគាត់មកធ្វើការពិនិត្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត»។
សូមរំលឹកថាស្ត្រីជា ក្រុម មួក ខៀវ កម្ពុជា រូបនេះ គឺ បាន ត្រឡប់ មកពី ប្រទេស ម៉ាលី កាលពី ថ្ងៃទី ១០ កក្កដាឆ្នាំ២០២០ ។ គិត ត្រឹម ថ្ងៃទី ១០ សីហា ឆ្នាំ ២០២០ កម្ពុជា រកឃើញ អ្នក ឆ្លង ជំងឺ កូ វីដ -១៩ ចំនួន ២៥១ នាក់ ដោយ ក្នុងនោះ មាន ២១៩ នាក់ បានជា សះស្បើយ ខណៈ ៣២ នាក់ កំពុង សម្រាក ព្យាបាល ៕