ក្រុមនគរបាលនារី ទ្រាំលែងបាននាំគ្នាផ្ដិតមេដៃ សុំអន្តរាគមន៍ពីរដ្ឋមន្រ្តីមហាផ្ទៃ ករណីលោកផ្កាយ២ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ បង្ខិតបង្ខំនិងបៀតបៀនផ្លូវភេទ (Video)

0

ភ្នំពេញ៖ ក្រុមនារីជាមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជាច្រើននាក់រងគ្រោះដោយសារតែ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ បានធ្វើទង្វើអាក្រក់ មិនចេះអៀនខ្មាស បៀតបៀនផ្លូវភេទ មកលើកូនចៅក្រោមឱវាទជានារីភេទ និងបានលួងលោមបង្ខិតបង្ខំ ឲ្យពួកនាងទាំងអស់គ្នា បំពេញសេចក្ដីត្រូវការនៃ កាមតណ្ហារបស់ខ្លួនមិនថា អ្នកមានប្ដីឬអ្នកនៅលីវនោះទេ។ ព្រោះតែទ្រាំនឹងទង្វើ ដ៏ស្មោកគ្រោករបស់ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសលលែងបានទៀតនោះ ក្រុមនគរបាលជានារីទាំងអស់គ្នា បាននាំផ្ដិតមេដៃសុំអន្តរាគមន៍ ទៅកាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំជួយរកយុត្តិធម៌ជូន ដល់ពួកគាត់ដែលជានារីរងគ្រោះផង។

បើយោងតាមលិខិត បែកធ្លាយមួយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្រុមនគរបាលជានារីរងគ្រោះ បានអះអាងបន្ថែមថា ក្រៅពីប្រព្រឹត្តអំពើ ថោកទាបគាបសង្កត់ គំរាមកំហែង និងបៀតបៀនស្រ្តីភេទ បុគ្គល អ៊ុក កុសល នេះ ក៏បានដឹកនាំបង្កើតបក្ខពួក សែស្រឡាយពុករលួយ និងអុចអាលឲ្យមានការបែកបាក់ សាមគ្គីផ្ទៃក្នុងទាំងថ្នាក់ដឹកនាំ ស្នងការក៏ដូចជាមន្ត្រីក្រោមឱវាទ ដែលមិនអាចស្តារ កិត្តិយសបានឡើយ ។

ក្រុមនគរបាលជានារី បានបញ្ជាក់តាមលិខិតថា «ជាថ្មីម្តងទៀត នាងខ្ញុំជាមន្ត្រីនគរបាលនៃ ស្នងការដ្ឋានខេត្តកំពង់ធំ សូមលើកដៃសំពះអង្វរដល់ សម្តេច
ក្រឡាហោម មេត្តាជួយរកយុត្តិធម៌ ដល់នាងខ្ញុំដែលជាជនរងគ្រោះទន់ខ្សោយ គ្មានខ្នងបង្អែក មានតែ សម្តេចនិងលោកជំទាវ ដែលជាឪពុកម្តាយ ជួយថែរក្សាការពារ និងផ្តល់យុត្តិធម៌ឲ្យកូនចៅក្រោមឱវាទផង និងសូមសម្តេច មេត្តាចាត់វិធានការណ៍តាមផ្លូវច្បាប់ ចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើ មិនគប្បីមកលើកូនចៅរបស់ខ្លួនដូច្នេះ ដើម្បីជាគំរូដល់អ្នកដឹកនាំ ដទៃទៀតកុំឲ្យយកគំរូតាម»។

ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធករណីខាងលើនេះ មិនទាន់មានការឆ្លើយតប ឬបំភ្លឺពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល នៅឡើយទេ។

សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញលិខិតព្រមាន យ៉ាងខ្លាំងៗដល់លោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងព្រមាន មន្ដ្រីក្រោម ឱវាទមួយចំនួនផងដែរ ករណី ខ្វះការយក ចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ ៕