ភំ្នពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា ឆ្នាំ២០២០នេះ រាជរដ្ឋាភិ បាលកម្ពុជា បានយកការរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោកជាធំ ហើយការរឹតបន្តឹងនេះមិនមែន សមត្ថកិច្ចចង់ បានលុយពីប្រជាពលរដ្ឋនោះទេ ពោលគឺមានបំណងតែមួយគត់ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ។
យោងតាម អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថាការលើកឡើង របស់នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានធ្វើឡើងក្នុងកិច្ចប្រជុំ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ ។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន, តំណាងក្រសួងយុត្តិធម៌,តំណាងក្រុមហ៊ុនប្រេង(សូគីមិច), តំណាងបេឡាជាតិសន្តិសុខសង្គម(បសស), តំណាងសមាគមដឹកជញ្ជូនកម្មករ-ទំនិញ និងអ្នកដំណើរ ។
បន្ទាប់ពីបានស្តាប់ ការលើកឡើងរបស់ តំណាងសមាគមដឹកជញ្ជូន កម្មករ-ទំនិញ តំណាងក្រុមហ៊ុនប្រេង(សូគីមិច) នូវបញ្ហាប្រឈម និងសំណូមពរ រួចមក លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអរគុណចំពោះ ការចូលរួមរបស់អស់លោក នេះជាធាតុចូលមួយ ដែលនឹងប្រមូលផ្តុំមតិយោបល់ទាំងអស់នេះ រាយការណ៍ជូនថ្នាក់ដឹកនាំ ពិសេស ហើយបញ្ហាសំណូមពរ មួយចំនួន ដែលដោះស្រាយ បានលោកនឹងឆ្លើយតប ទៅវិញក្នុងពេលឆាប់ៗ ជាពិសេសសំណូមពរ របស់តំណាង បសស, សំណូមពរ របស់តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក៏ដូចជាខាងសមាគម ដឹកជញ្ជូនកម្មករ-ទំនិញ និងអ្នកដំណើរ ផងដែរ ។
អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា «ចំពោះមុខ ក្នុងចំណោមសំណូមពរទាំងអស់ ឯកឧត្តម សូមឲ្យបង្កើនការទំនាក់ទំនង រវាងនគរបាល ជាមួយតំណាងទាំងអស់ ជាពិសេសឯកឧត្តម បានស្នើឲ្យបង្កើតចងក្រង ជាគ្រុបសម្រាប់ទំនាក់ទំនង តាមបណ្តាញសង្គម និងឲ្យលេខទូរស័ព្ទស្នងការរង និងនាយការិយាល័យ ទទួលបន្ទុកការងារចរាចរណ៍ ដើម្បីងាយស្រួលទាក់ទង ។
នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ លើបញ្ហាមួយចំនួន ដូចជា ៖
១-ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាល បានយកការរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោកជាធំ
២-ការរឹតបន្តឹងច្បាប់ មិនមែនសមត្ថកិច្ចចង់ បានលុយនោះទេ គឺសមត្ថកិច្ចមានបំណង តែមួយគត់ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ
៣-ការទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ គឺជាអាទិភាពធំបំផុត និងសូមឲ្យគ្រប់ ក្រុមហ៊ុនតំណាង ភាគីទាំងអស់ ដាក់បញ្ហាបង្ការនេះជាចម្បង
៤-បញ្ហាគ្រឿងញៀន លោកមានការព្រួយបារម្ភ ចំពោះអ្នកបើកបររថយន្តធុនធំ គឺ៣០ភាគរយ មានសារធាតុញៀន ពិសេសគឺរថយន្តដែលមិនមែនជាក្រុមហ៊ុន ។
ដើម្បីបន្តជំរុញការរឹតបន្តឹង អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត ក្នុងឆមាសទី២ ខាងមុខនេះ បានសំណូមពរដូចខាងក្រោម ៖
១-សំណូមពរ ទៅស្ថាប័នជំនាញ ខិតខំជំរុញដាក់ចេញវិធានការ ឬបទដ្ឋានក្រោមច្បាប់ ដើម្បីដោះស្រាយចំពោះមធ្យោបាយផ្ដុំ កែច្នៃមិនគ្រប់លក្ខណៈបច្ចេកទេស រ៉ឺម៉កកែច្នៃ គោរយន្តកែច្នៃ ម៉ូតូសណ្តោង-រថយន្ត ម៉ូតូគ្មានពន្ធ និងម៉ូតូចាស់ៗ របស់ប្រជាពលរដ្ឋក្រីក្រ ដើម្បីសម្រាលដល់ជីវភាព និងបន្សាបឥទ្ធិពលចំពោះទស្សនៈទុទ្ទិដ្ឋិនិយមមានចេតនាមួយចំនួន ប្រឆាំងនិងការអនុវត្តច្បាប់ របស់រាជរដ្ឋាភិបាល ។
២-ស្នើអនុគណ:កម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត លើកកម្ពស់តួនាទីទទួលខុសត្រូវ ក្នុងការដឹកនាំរឹតបន្តឹង និងការផ្សព្វផ្សាយ អនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ឲ្យមានប្រសិទ្ធភាព និងនិរន្តរភាព ។
៣-ស្នើសុំគ្រប់ស្ថាប័នរដ្ឋ បន្តអប់រំមន្ត្រីរាជការក្រោមឱវាទ ធ្វើជាគំរូដល់ប្រជាពលរដ្ឋ ក្នុងការគោរពអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ៕