សូមប្រុងប្រយ័ត្ន! ជំងឺគ្រុនឈីកកើនឡើងជាង ២ពាន់ករណីសង្ស័យ នៅក្នុងខេត្តចំនួន១៥ (Video)

0

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា គិតមកដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ កម្ពុជាមានករណីសង្ស័យ អ្នកកើតជំងឺគ្រុនឈីកចំនួន ២០៤៧ករណីសង្ស័យនៅក្នុងខេត្តចំនួន១៥ ទូទាំងប្រទេសកម្ពុជា ប៉ុន្តែបានជាសះស្បើយ ៩០% ហើយ ។

តាមរយៈតាមរយៈសេចក្ដីជូនព័ត៌មាន នៅថ្ងៃទី៨ សីហានេះ លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងទៀតថា យោងតាមប្រព័ន្ធអង្កេត តាមដានជំងឺគ្រុនឈាម ថ្នាក់ជាតិបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ មាន ការរកឃើញករណីសង្ស័យ ជំងឺគ្រុនឈីកសរុបចំនួន ២០៤៧នាក់ ដែលបានរាយការណ៍ តាមរយៈប្រព័ន្ធឃ្លាំមើលជំងឺគ្រុនឈាម ពីមន្ទីរសុខាភិបាលខេត្តចំនួន ១៥ខេត្ត រួមមាន ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង កំពត ពោធិ៍សាត់ កណ្តាល កំពង់ធំ តាកែវ បាត់ដំបង និងខេត្តព្រះសីហនុ។

លោកស្រីបន្តថា នៅក្នុងចំនួនសរុបករណីសង្ស័យ ជំងឺគ្រុនឈីកខាងលើមាន ៥៨% (ស្មើនឹង ១១៨៤នាក់) កើតមានលើមនុស្សពេញវ័យចំនួន ៣០,៣% ជាកុមារអាយុលើសពី ៥ឆ្នាំ និងចំនួន ១១,៧% ជាកុមារមានអាយុក្រោម ៥ឆ្នាំ។ គួរកត់សំគាល់ផងដែរថា ក្នុងចំណោមមនុស្សធំ អ្នកជំងឺភេទស្រីមាន ៥៨,២% (ស្មើនឹង ៦៨៩នាក់ ) និងអ្នកជំងឺភេទប្រុសមាន ៤១,៧% (ស្មើនឹងចំនួន ៤៩៤នាក់)។ ចំនួនអ្នកឈឺជាង ៨០% នៃករណីសង្ស័យសរុប គឺមកពីខេត្តបន្ទាយមានជ័យ កំពង់ចាម សៀមរាប និងខេត្តតាកែវ ។ អ្នកជំងឺប្រមាណជា ៩០% ក្នុងចំណោមអ្នកជំងឺសរុបទាំងអស់ បានជាសះស្បើយ ហើយនៅសល់ ១០% កំពុងបន្តការព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។

លោកស្រីបន្ថែមថា​ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានបញ្ជាក់ថា អ្នកជំងឺប្រមាណជា ៧២,៤០% នៃករណីសង្ស័យសរុបខាងលើ គឺមានជំងឺគ្រុនឈីក។ លទ្ធផលធ្វើការសិក្សាបាណកសាស្ត្រ របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ក៏បានបង្ហាញដែរថា នៅក្នុង និងជុំវិញផ្ទះ ត្រូវបានគេពិនិត្យមើល វត្តមានរបស់ដង្កូវទឹក បង្កើតជាមូស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈីក និងគ្រុនឈាម គឺចំនួន ៦៦,៧% មាននៅក្នុងសំបកកង់ឡាន និងម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេជ័រ និងចំនួន ៣៣,៣% មាននៅក្នុងពាងមូល ពាងស៊ីម៉ងត៍ អាងទឹក និងកុងតឺន័រ។

ទន្ទឹមគ្នានេះដែរដើម្បីការពារសុខភាព ឲ្យកាន់តែមានប្រសិទ្ធភាព ជៀសផុតពីការឆ្លងជំងឺគ្រុនឈីក និងគ្រុនឈាមដោយសារសត្វមូសខ្លាញីខាំ និងជំងឺផ្សេងទៀតដែលអាច កើតមានឡើងដោយសារមូសខាំលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹក និងលើកទឹកចិត្តដល់ បងប្អូនប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងអាជ្ញាធរមូលដ្ឋានថ្នាក់ ក្រោមជាតិទាំងអស់ ត្រូវបង្កើនការចូលរួម ចលនាលុបបំបាត់ជម្រកមូសខ្លា និងទប់ស្កាត់ការកកើត សត្វមូសដោយត្រូវប្រកាន់ខ្ជាប់នូវ វិធានការមួយចំនួនដូចខាងក្រោម៖

១.ទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សំលៀកបំពាក់ក្នុង និងក្រៅផ្ទះឲ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្របជុំវិញផ្ទះ

២.អំឡុងពេលថ្ងៃ គឺចាំបាច់ត្រូវស្លៀកសំលៀកបំពាក់ មានដៃវែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំ ទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេង នៅជិតទីកន្លែងងងឹតៗនោះទេ

៣.ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹក នៅតាមទីកន្លែង ឬវត្ថុដែលមានទឹកដក់ ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបកកង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេជ័រ ត្រូវកប់ ឬដុត ឬកំទេចចោល ឬទុកដាក់ឲ្យមានរបៀប ដើម្បីកុំឲ្យមានទឹកដក់

៤.ត្រូវដាក់អាបែតក្នុងពាង ឬអាង ឬវត្ថុស្តុកទឹក ជាដើម

៥.បើមានអាការៈមិនស្រួល ដូចជាក្តៅខ្លួនលើសពី ៣៨អង្សារសេ ចេញកន្ទួលក្រហមលើខ្លួនប្រាណ ឬនៅដៃ ឬមានបញ្ហាសុខភាព សូមប្រញាប់ទៅស្វែងរកការពិគ្រោះ ពិនិត្យព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នក ឬបើមានចម្ងល់លើជំងឺខាងលើ សូមទាក់ទងតាមលេខទូរស័ព្ទ ០១២ ៧១៥ ៦៦៦។

សូមរំលឹកថា ជំងឺឈីកគន់ហ្គន់យ៉ា (Chikunngunya) ដែលហៅកាត់ថា ឈីក (CHIK) ត្រូវបានរកឃើញ នៅក្នុងភូមិមួយចំនួននៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ។ជំងឺគ្រុនឈីក(CHIK) កើតឡើងដំបូងបំផុតនៅឆ្នាំ១៩៥៣ នៅទ្វីបអាហ្វ្រីក និងធ្លាប់បានរកឃើញដំបូងនៅកម្ពុជា ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅឆ្នាំ១៩៦១ និងឆ្នាំ២០១១ ក៏មានការបញ្ជាក់ពីករណីជំងឺនេះ នៅខេត្តបាត់ដំបង សៀមរាប និងព្រះវិហារ ហើយជំងឺគ្រុនឈីក ធ្លាប់មានអត្រាឆ្លងរោគខ្ពស់រហូតដល់ ៦០-៧០% ក្នុងប្រទេសកម្ពុជានាទសវត្សរ៍ទី៦០ ហើយមានការរោតត្បាតខ្លាំងផងដែរ នៅក្នុងឆ្នាំ២០១១-២០១២ នៅខេត្តព្រះវិហារ កំពង់ស្ពឺ ភ្នំពេញ កំពង់ចាម តាកែវ រតនគិរី ស្ទឹងត្រែង កំពង់ធំ កណ្ដាល និងខេត្តកំពត៕