ក្នុងពេលសវនាការតាមរយៈ Zoom ទាក់ទងនឹងមេខ្លោង លួចចូលគណនី Twitter ត្រូវរំខានដោយ…

0

កាលពីចុងខែមុនមាន ករណីលួចចូលគណនី Twitter របស់អ្នកនយោបាយ និងតារាល្បីៗជាច្រើន។ លោក Graham Ivan Clark អាយុ១៧ឆ្នាំ ដែលគេដឹងថាជាមេខ្លោង ត្រូវបានចាប់ខ្លួននៅរដ្ឋ Florida ហើយពេលនេះកំពុង ត្រូវបានឃុំខ្លួនផងដែរ។

សវនាការកាលពីថ្ងៃពុធកន្លងទៅនេះ ធ្វើឡើងតាមរយៈកម្មវិធី Zoom ដើម្បីឆ្លើយតបនឹងការ ស្នើសុំរបស់កូនក្ដីក្នុងការបន្ថយចំនួន ទឹកប្រាក់ធានាឱ្យនៅក្រៅឃុំ ។ សវនាការនេះ ត្រូវបានផ្សព្វផ្សាយជា សាធារណៈទាំងពេលវេលា និងលេខសម្គាល់របស់កម្មវិធី Zoom។

នៅពេលដែលសវនាការ បានចាប់ផ្ដើមគេឃើញមាន ការរំខានពីសំឡេងបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែមិនបានយូរប៉ុន្មានផង ក៏មានជនអនាមិកបាន បង្ហោះវីដេអូអាសអាភាសចូល នៅក្នុងពេលសវនាការដែលធ្វើឱ្យ លោក Christopher Nash ចៅក្រមនៅសាលាកាត់ក្តី Hillsborough Circuit បង្ខំចិត្តបិទសវនាការជាបណ្តោះអាសន្ត។

ទោះបីជាមានការរំខានជាបន្តបន្ទាប់ នៅពេលដែលបើកសវនាការ ឡើងវិញម្តងៗក៏ដោយ លោកចៅក្រមបានសម្រេច ដោយបដិសេធបន្ថយចំនួនទឹកប្រាក់ ៧៥០,០០០ដុល្លារ ដើម្បីធានាកូនក្ដីឱ្យនៅក្រៅឃុំ។ បច្ចុប្បន្នជនជាប់ចោទ ត្រូវបានហាមឃាត់ មិនឱ្យប្រើអ៊ីនធឺណិត ដោយសូម្បីតែចូលប្រើគណនី bitcoin របស់គាត់ក៏មិនត្រូវ បានអនុញ្ញាតផងដែរ។

ទន្ទឹមនឹងការសម្រេចនេះលោក Christopher Nash ក៏បានសម្រេចផងដែរថា លោកនឹងមិនឱ្យមានជន អនាមិកជ្រៀតចូលក្នុងពេល សវនាការនៅថ្ងៃមុខទៀតទេ ដោយលោកនឹងប្រើលេខសម្ងាត់។

គួររំឭកផងដែរថា នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា ធ្លាប់បានផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន រួចមកហើយទាក់ទងនឹង បញ្ហានេះជាមួយនឹងកម្មវិធី Zoom ហើយក្រុមហ៊ុនក៏បានបន្ថែម មុខងារលេខសម្ងាត់នេះ ដើម្បីចៀសវាងកុំឱ្យមានការ ជ្រៀតចូលដែលគេឱ្យឈ្មោះថា zoom bombed នេះផងដែរ ៕