ភ្នំពេញ៖ ដើម្បីជួយសម្រាល ការលំបាកផ្នែកសេដ្ឋកិច្ច ក៏ដូចជាការលើកទឹកចិត្ត ដល់កិច្ចខិតខំប្រឹងប្រែងរបស់សិល្បករ ក្នុងបុព្វហេតុអភិរក្សនិងលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ រាជរដ្ឋាភិបាលបានអនុញ្ញាត ឱ្យបើកដំណើរការឡើងវិញនូវ រោងភាពយន្ត និងរោងសម្តែងសិល្បៈ ដោយតម្រូវឱ្យគោរពតាមគោលការណ៍ស្តង់ដាប្រតិបត្តិ(SOP)និងវិធានសុវត្ថិភាពមួយចំនួនរបស់ក្រសួងសុខាភិបាល និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេច ផ្អាកសកម្មភាពចាក់បញ្ចាំង ភាពយន្តនិងសកម្មភាព សម្តែងសិល្បៈនានា ជាបណ្ដោះអាសន្ន ដើម្បីការពារការីករាលដាលកូវីដ១៩ ចាប់តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
យោងតាម សេចក្ដីជូនព័ត៌មានរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០បានឲ្យដឹងថា លក្ខខណ្ឌតម្រូវសុវត្ថិភាព មួយចំនួន នោះរួមមាន៖ រោងភាពយន្ត និងរោងសម្តែងសិល្បៈ ដែលមានបំណង បើកដំណើរការសកម្មភាព របស់ខ្លួនឡើងវិញ ត្រូវ ដាក់ពាក្យស្នើសុំ និងចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បី ធានាការអនុវត្ត នូវគោលការណ៍ស្តង់ដារ ប្រតិបត្តិឱ្យបានត្រឹមត្រូវ។
ការអនុញ្ញាតឱ្យបើកដំណើរការ រោងភាពយន្ត និងរោងសម្តែងសិល្បៈឡើងវិញ បន្ទាប់ពីរោងភាពយន្ត ឬរោងសម្តែងសិល្បៈទាំងនោះបានត្រៀមរៀបចំខ្លួនរួចរាល់ និងប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលក្ខខណ្ឌតម្រូវ សុវត្ថិភាព ដូចមានចែងក្នុងគោលការណ៍ស្តង់ដាប្រតិបត្តិការពារការចម្លងវីរុសកូវីដ-១៩។
ការបើកដំណើរការ រោងភាពយន្ត និងរោងសម្តែងសិល្បៈឡើងវិញ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមានការទទួលខុសត្រូវខ្ពស់ និងចូលរួមសហការពេញលេញ ជាមួយក្រុមការងារ ចម្រុះរបស់ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ដែលមានភារកិច្ចចុះត្រួតពិនិត្យ តាមដានការអនុវត្តគោលការណ៍ ស្តង់ដាប្រតិបត្តិ និងសេចក្តីណែនាំនានា របស់ក្រសួងសុខាភិបាល។
ក្រសួងបញ្ជាក់ថា ប្រសិនបើផលិតករ អាជីវករ ម្ចាស់រោងភាពយន្ត និងរោងសម្តែងសិល្បៈ ដែលមានបំណងបើកដំណើរការរោង ភាពយន្ត និងរោងសម្តែងសិល្បៈឡើងវិញ ត្រូវមកដាក់ពាក្យស្នើសុំ នៅនាយកដ្ឋានសិល្បៈ ភាពយន្ត និងផ្សព្វផ្សាយ វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕