សម្ដេចតេជោ អំពាវនាវឲ្យពលរដ្ឋ ថែរក្សាសុខភាព និងប្រុងប្រយ័ត្នចំពោះ បាតុភូតខ្យល់កន្ត្រាក់

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាព ដើម្បីចៀសផុតពីកូវីដ១៩ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតខ្យល់កន្ត្រាក់ ។

សម្ដេចតេជោ​ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៦ សីហានេះថា «ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែរក្សា សុខភាពអោយបានល្អ នៅក្នុងរដូវភ្លៀងធ្លាក់​ ដោយសារមួយរយៈចុងក្រោយនេះ​មានភ្លៀង និងខ្យល់កន្ត្រាក់ជាច្រើនលើក ច្រើនសារ​ដែលបានបំផ្លាញ ផ្ទះសម្បែងប្រជាលរដ្ឋអស់ជាច្រើនខ្នង។ ដូច្នេះបងប្អូនត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ជានិច្ច​ ជាពិសេសក្នុងការ ធ្វើដំណើរជិតឆ្ងាយ» ។

សម្ដេចបន្តថា ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ តាមសមុទ្រ និងប្រជាពលរដ្ឋដែល ប្រកបរបរចុះទូកនេសាទ​ សូមមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវតាមដានឲ្យបានជាប់នូវ ការផ្សព្វផ្សាយព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក​ និងឧតុនិយម ។

សម្ដេចបន្ថែមថា ទន្ទឹមនឹងនេះដែរ​ ក៏សូមបងប្អូនប្រជាលរដ្ឋ ការពារខ្លួនកុំអោយឆ្លងជំងឺ covid-19 ទោះបីប្រទេសយើង ពុំមានអ្នកស្លាប់ក៏ដោយ​ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះ ឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់​ ហើយក៏ពុំទាន់មាន ថ្នាំព្យាបាលនៅឡើយទេ។

សម្ដេច បានបន្តប្រាប់ឲ្យ បងប្អូនប្រជាពលរដ្ឋ ឧស្សាហ៍ដុសលាងសម្អាតដៃ ជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំ ជាពិសេសត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។

សម្ដេចក៏បានជូនពរ ប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អចៀសផុត ពីជំងឺឆ្លងកូវីដ-19​ ៕