អាជ្ញាធរកម្ពុជា កំពុងខ្នះខ្នែងជួយ ស្រ្តីខ្មែរម្នាក់ ដែលត្រូវតុលាការវៀតណាម កាត់ទោសប្រហារជីវិត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

0

ភ្នំពេញ៖ ស្រ្តីខ្មែរម្នាក់ត្រូវតុលាការវៀតណាមកាត់ទោសប្រហារជីវិតពាក់ព័ន្ធករណីនាំចូលគ្រឿងញៀនទៅវៀតណាមខណៈក្រសួងយុត្តិធម៌ និង ក្រសួងការបរទេស កំពុងព្យាយាមជួយអន្តរាគមន៍ ឲ្យ នាង បាន រួច ផុតពី ទោស ប្រហារជីវិតនៅវៀតណាម ។

លោក ជិន ម៉ា លីន អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ ថ្លែងប្រាប់សារព័ត៌មាននានាថា មធ្យោបាយ ទីមួយ គឺ រដ្ឋាភិបាលកម្ពុជាអាចនឹងជួយស្ត្រីខ្មែររូបនោះប្តឹងទៅសាលាឧទ្ធរណ៍វៀតណាមប្រឆាំងនឹង សេចក្តីសម្រេច របស់តុលាការជាន់ទាប វៀតណាម ដែលកាត់ទោសប្រហារជីវិត នាងព្រោះជាគោលការណ៍ច្បាប់ នាងអាចប្តឹងទៅសាលាឧទ្ធរណ៍បាន ។ចំណែកមធ្យោបាយទីពីរ គឺរដ្ឋាភិបាលកម្ពុជា អាចនឹងពិចារណាសុំចរចា ជាមួយ វៀតណាម ដើម្បីយកនាងមកផ្តន្ទាទោសនៅ កម្ពុជាតាមរយៈសន្ធិសញ្ញា​ ស្តីពីការផ្ទេរទណ្ឌិតរវាងកម្ពុជា -វៀតណាម។

ស្ត្រីខ្មែរ ដែលត្រូវតុលាការវៀតណាម កាត់ទោស ប្រហារជីវិត ឈ្មោះ មៀច ស្រីនាង អាយុ២៧ ឆ្នាំ ។នាងត្រូវតុលាការវៀតណាម ប្រកាសសាលក្រមនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០អំពីការផ្តន្ទាទោស ប្រហារជីវិត ។ ប៉ូលិស វៀតណាម បានចាប់ខ្លួន នាងកាលពីដើម ខែធ្នូ ឆ្នាំ ២០១៩ ៕