ក្រសួងយុត្តិធម៌៖ សេចក្ដីថ្លែងការណ៍រួម របស់អង្គការសិទ្ធិមនុស្ស មានគោលដៅវាយប្រហារ រាជរដ្ឋាភិបាល

0

ភ្នំពេញ៖ បន្ទាប់ពីអង្គការចំនួន ៣គឺមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាព បានចេញសេចក្ដីថ្លែងការណ៍ រួមគ្នាពីការឃ្លាំមើលសេរីភាពនៅកម្ពុជាថា មានការរឹតត្បិតនោះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចាត់ទុករបាយការណ៍ របស់អង្គការទាំង៣ ថាមិនគ្រប់ជ្រុងជ្រោយ លំអៀង និងមានគោលដៅ វាយប្រហាររដ្ឋាភិបាល ។

លោកបន្តថា បើផ្អែកលើទស្សនទាននៃសិទ្ធិមនុស្ស និងវិធីសាស្រ្តនៃការស្រាវជ្រាវ ដែលមានលក្ខណជាវិទ្យាសាស្រ្ត ការចេញរបាយការណ៍របស់អង្គការទាំង ៣នេះ មិនមានលក្ខណគ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង ទាំងស្រុងនោះទេ ដោយហេតុថា៖

១.របាយការណ៍នេះ គ្រាន់តែធ្វើការប្រមូល បូកសរុបនូវព្រឹត្តិការណ៏ និងធ្វើការសន្និដ្ឋានតែលើរូបភាព ខាងក្រៅតែប៉ុណ្ណោះ ពោលគឺមិនបានសិក្សាលើមូលហេតុ និងមូលដ្ឋានលំអិតដែលនាំឱ្យ កើតមានព្រឹត្តិការណ៏នីមួយៗ ទិដ្ឋភាពនិងនីតិវិធីច្បាប់ អង្គហេតុនៃបទល្មើស និងអំពើដែលជាធាតុផ្សំនៃបទល្មើស ដែលនាំឱ្យមានការទទួលខុសត្រូវ តាមផ្លូវច្បាប់នោះទេ។

២.ជាទម្លាប់របស់អង្គការទាំងនេះ កាលណាអាជ្ញាធរអនុវត្តច្បាប់ លើក្រុមគោលដៅដែលគេ មានរបៀបវារៈច្បាស់លាស់ ក្នុងការការពារ ដូចជាសកម្មជនអតីតបក្សប្រឆាំង សកម្មជនអង្គការសង្គមស៊ីវីល ដែលមាននិន្នាការប្រឆាំង គឺពួកគេតែងតែធ្វើការសន្និដ្ឋាន និងចោទប្រកាន់ថា ជាការរំលោភសិទ្ធិមនុស្ស ដោយមិនខ្ចីអើពើ និងធ្វើការពិចារណា ទៅទិដ្ឋភាពនិងនីតិវិធីច្បាប់ អង្គហេតុ អំពើដែលជាធាតុផ្សំនាំឱ្យកើតជាបទល្មើស ហើយដែលនាំឱ្យមានការ ទទួលខុសត្រូវតាមផ្លូវច្បាប់ និងការចោទប្រកាន់តាមផ្លូវតុលាការនោះទេ។

៣.ការធ្វើរបាយការណ៍ដោយ ដកស្រង់យកតែទស្សនៈមួយជ្រុង និងជួបសម្ភាសន៍ជាមួយមនុស្សមួយក្រុម និងអង្គការមួយចំនួនដែលជាបក្សពួករបស់ខ្លួន និងមាននិន្នាការប្រឆាំងនឹង រដ្ឋាភិបាលផងនោះ ដោយមិនមានការចូលរួម និងធាតុចូលពីតំណាងរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធដ៏ទៃទៀត ដែលទទួលរងផលប៉ះពាល់អវិជ្ជមាន ពីរបាយការណ៍នេះ នោះការស្រាវជ្រាវ និងកាសន្និដ្ឋានក្នុងរបាយការណ៍នេះ មិនមានលក្ខណជាវិទ្យាសាស្រ្ត មិនមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងមិនអាចយកជាការបាន។

៤.ការចេញរបាយការណ៍ មិនគ្រប់ជ្រុងជ្រោយ លំអៀង និងមានគោលដៅ វាយប្រហាររដ្ឋាភិបាលបែបនេះ អាចនឹងនាំឱ្យមានគ្រោះថ្នាក់ និងអស្ថេរភាពក្នុងសង្គម ព្រោះថា របាយការណ៍នេះហាក់ដូចជាការពារ និងលើកទឹកចិត្តដល់ក្រុមប្រឆាំង ដែលតែងតែធ្វើសកម្មភាព ក្រោមរូបភាពផ្សេងៗ ដែលរៀបចំ ឧបត្ថម និងគាំទ្រដោយចលនា និងអង្គការចាត់តាំងខុសច្បាប់នៅខាងក្រៅ ឱ្យកាន់តែធ្វើសកម្មភាពបន្ថែមទៀត ដោយមិនខ្លាចច្បាប់ និងសមត្ថកិច្ច បង្ករភាពចលាចលក្នុងសង្គម ដើម្បីសម្រេចឱ្យបាននូវ មហិច្ឆតានយោបាយរបស់ខ្លួន ហើយដែលនេះមិនមែនជា ការអនុវត្តនូវសិទ្ធិសេរីភាព តាមផ្លូវច្បាប់នោះទេ។ តែផ្ទុយទៅវិញ របាយការណ៍របស់អង្គការទាំងនេះ គួរតែធ្វើការអប់រំនិងណែនាំ ក្រុមដែលបំពានច្បាប់ទាំងនោះឱ្យ គោរពច្បាប់ឱ្យបានភ្ជាប់ភ្ជួន ប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យ បានត្រឹមត្រូវតាមផ្លូវច្បាប់ មិនបំពានសិទ្ធិសេរីភាពអ្នកដ៏ទៃ និងប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ឆ្នាប់សាធារណៈ ដែលអាចនាំឱ្យពួកគេប្រឈម និងទទួលខុសត្រូវតាមផ្លូវច្បាប់ ជាយថាហេតុណាមួយ។

៥.នៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ ជាគោលការណ៍ សិទ្ធិមនុស្ស “Human Rights” ត្រូវតែគោរព និងការពារ តែបើមនុស្សប្រព្រឹត្តកំហុស “ Human Wrong” ត្រូវតែប្រឈម និងទទួលខុសត្រូវតាមផ្លូវច្បាប់ ៕