ប្រយ័ត្ន! មានការតេបោកបញ្ឆោតមួយប្រភេទ កំពុងរាលដាលចំពោះអ្នកប្រើ Bank App ក្នុងប្រទេសកម្ពុជា

0

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកត់សម្គាល់ឃើញថា នាពេលថ្មីៗនេះមានការកើតឡើង អំពីការតេបោកបញ្ឆោត (Scam) មួយប្រភេទដែលកំពុង រីករាលដាលចំពោះអ្នក ប្រើប្រាស់កម្មវិធីធនាគារ (Bank App) ក្នុងប្រទេសកម្ពុជា ដែលបញ្ហាស្រដៀងនេះ ក៏ធ្លាប់បានកើតឡើងកន្លងមករួចហើយ ។

ការតេបោកបញ្ឆោតនោះគឺ ជនខិលខូចបានតេទៅ អ្នកដែលមានប្រើកម្មវិធីធនាគារ ជាពិសេសគឺអ្នកប្រកបមុខរបរ អនឡាញដែលបានបង្ហាញ ទាំងលេខទូរសព្ទ និងលេខគណនីធនាគារ នៅតាមបណ្ដាញសង្គមនោះថា បានឈ្នះរង្វាន់ជាសាច់ប្រាក់ពីធនាគារ។

បន្ទាប់ពីបាននិយាយបញ្ចុះបញ្ចូល ឬបន្លែបន្លំអ្នកប្រើប្រាស់ មួយសន្ទុះក្រោយមក ពួកគេក៏ឱ្យអ្នកប្រើប្រាស់ផ្ដល់លេខកូដ ដែលបានទទួលពីធនាគារ ហើយពួកជនខិលខូច ក៏ប្រើលេខកូដនោះ ដើម្បី login ចូលទៅក្នុងគណនីរបស់ជនរងគ្រោះ ហើយធ្វើការផ្ទេរប្រាក់ចេញពីគណនីធនាគារ។

ដើម្បីចៀសវាងការខាតបង់ប្រាក់ កាសរបស់លោកអ្នក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំប្រជាពលរដ្ឋទាំងអស់ កុំផ្ដល់ទិន្នន័យទាំងឡាយណា ដែលទាក់ទងនឹងធនាគារ ពេលដែលមានការស្នើសុំ តាមរយៈការផ្ញើសារ ឬការតេចូលក្តី។ លោកអ្នកគួរតែធ្វើការទំនាក់ទំនង ទៅលេខទូរសព្ទរបស់ធនាគារផ្ទាល់ ដើម្បីបញ្ជាក់ពីការស្នើសុំ ទិន្នន័យទាំងអស់នោះ។

ព័ត៌មានដែលលោកអ្នក មិនត្រូវឱ្យគេដឹងមានដូចជា៖

– លេខសម្ងាត់ ឬលេខ Pin សម្រាប់ប្រើប្រាស់កាតធនាគារ
– លេខកូដដែលទទួលបាន ពីធនាគារដើម្បីធ្វើការ login ចូលទៅក្នុងកម្មវិធី (Bank App)
– លេខកាតទាំង 16 ខ្ទង់ ឬលេខ cvv ដែលនៅខាងក្រោយកាត ៕