ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ ខួប១១ឆ្នាំ នៃការដាក់បញ្ចូលបណ្ណសារ សារមន្ទីរទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី៣១ កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្នសារមន្ទីរទួលស្លែង កំពុងអនុវត្តគម្រោងអភិរក្ស និងថតចម្លងឯកសារឌីជីថលជិត ៥០០,០០០ទំព័រ ទៅក្នុងប្រព័ន្ធកុំព្យូរទ័រ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកថា បណ្ណសារសារមន្ទីរទួលស្លែង បានចុះក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក នៅខែកុម្ភៈ ឆ្នាំ២០០៨ ហើយបន្តទទួលចុះក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោកថ្នាក់អន្តរជាតិ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០០៩។
សម្ដេចបញ្ជាក់ថា «បច្ចុប្បន្នសារមន្ទីរទួលស្លែង កំពុងអនុវត្តគម្រោងអភិរក្ស និងថតចម្លងឯកសារឌីជីថលជិត ៥០០,០០០ទំព័រ ទៅក្នុងប្រព័ន្ធកុំព្យូរទ័រ ក្រោមជំនួយឧបត្ថម្ភរបស់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈអង្គការយូណេស្កូ» ។
សម្ដេច ក៏បានថ្លែងអំណរគុណ ចំពោះក្រុមការងារចម្រុះ ដែលមានសមាសភាពមកពី ទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការយូណេស្កូជាតិ ការិយាល័យយូណេស្កូភ្នំពេញ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ (នាយកដ្ឋានសារមន្ទីរ និងសារមន្ទីរទួលស្លែង) ដែលបានសហកសរ ចូលរួមរៀបចំស្រាវជ្រាវ និងចងក្រងឯកសារស្នើសុំនេះឡើង ៕








