កងពលតូចទ័ពពិសេស ឆត្រយោង៩១១ ត្រូវបានបន្ថែមប្រវត្តិសាស្រ្តថ្មី ប៉ុន្តែនៅរក្សាបេសកកម្មដដែល

0

ភ្នំពេញ៖ ក្នុងពិធីប្រកាសជាផ្លូវការ នៃការកែសម្រួលកងពលតូចទ័ព ពិសេសឆត្រយោង៩១១ ទៅជាបញ្ជាការដ្ឋានទ័ពពិសេស ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា កងពលតូចទ័ពពិសេសឆត្រយោង៩១១ ត្រូវបានបន្ថែមប្រវត្តិសាស្រ្តថ្មី ប៉ុន្តែនៅរក្សាបេសកកម្មដដែល។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា កងពលតូចទ័ពពិសេសឆត្រយោង៩១១ បានស្ថិតក្នុងដំណាក់កាល ប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយទទួលបានការកែសម្រួល ផ្តើមពីកងអនុសេនាធំ កងទ័ពឆត្រយោងក្នុងឆ្នាំ១៩៤៨ និងបានក្លាយជាកងវរសេនាធំនៅក្នុងឆ្នាំ១៩៩៥ និងជាកងពលតូចនៅក្នុងឆ្នាំ១៩៩៩ ហើយបានក្លាយជា បញ្ជាការដ្ឋានទ័ពពិសេស ក្នុងឆ្នាំ២០២០នេះ ដែលជាឆ្នាំពិសេសមួយ ព្រោះជាមួយនឹងទំនុកចិត្ត របស់រាជរដ្ឋាភិបាលក្នុងការរៀបចំ ជាកងអន្តរាគមន៍ក្នុងកម្រិត រចនាសម្ព័ន្ធចាត់តាំងថ្មី កងពលក៏ទទួលបាននូវ ការបំពាក់ឯកសណ្ឋានថ្មី ដែលរចនាដោយនាយទាហាន របស់អង្គភាពផ្ទាល់។ ប៉ុន្តែបេសកកម្ម គឺនៅដដែល គឺការហ្វឹកហ្វឺនពង្រឹងកម្លាំង និងត្រៀមអនុវត្តបទបញ្ជា ដើម្បីការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ក៏ដូចជាការចូលរួម ជួយសង្គ្រោះប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត បានបន្តថា នេះគឺជាជំហានថ្មីមួយទៀត ប្រកបដោយមោទនភាព សម្រាប់កងយោធពលខេមរភូមិន្ទ, សម្រាប់កងទ័ពជើងគោក ក៏ដូចជាសម្រាប់កងពលតូចទ័ព ពិសេសឆត្រយោង ៩១១ផ្ទាល់ ហើយក៏បានបង្ហាញឱ្យឃើញ ការទទួលស្គាល់សមត្ថភាព, ឆន្ទៈ និងការខិតខំប្រឹងប្រែងក្នុងការ បំពេញភារកិច្ចកន្លងមក របស់យោធិនទូទាំងអង្គភាព។ សំខាន់ផងដែរនោះ គឺក្នុងនាមជាបញ្ជាការដ្ឋានទ័ពពិសេស ចំណុះកងទ័ពជើងគោក ដែលទទួលភារកិច្ចជាទ័ពជំនាញ អង្គភាពធ្វើការហ្វឹកហ្វឺន ជំនាញទ័ពពិសេសមិនមែនតែ នៅក្នុងក្របខ័ណ្ឌកងទ័ពជើងគោកប៉ុណ្ណោះទេ ប៉ុន្តែអង្គភាពក៏មានភារកិច្ច បណ្តុះបណ្តាលកសាងសមត្ថភាពលើ ជំនាញនេះសម្រាប់ទូទាំង កងយោធពលខេមរភូមិន្ទ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ជាតិទាំងមូលតែម្តង រួមទាំងកងនគរបាលជាតិផងដែរ។

សូមបញ្ជាក់ថា ក្នុងពិធីប្រកាសជាផ្លូវការនៃការកែសម្រួល កងពលតូចទ័ពពិសេសឆត្រយោង៩១១ ទៅជាបញ្ជាការដ្ឋានទ័ពពិសេស ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ក៏មានពិធីបើកវគ្គហ្វឹកហ្វឺនចំនួន ៣ផ្សេងគ្នា ក្នុងនោះបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ បច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ, វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកុម្មង់ដូ ជំនាន់ទី១០ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបរ-ជួសជុលអូប័រ និងរបៀបសង្គ្រោះ ជំនាន់ទី៤៕