ភ្នំពេញ៖ លោកស្រី កុយ ពិសី អនុប្រធានអចិន្រ្តៃយ៍ លេខាធិការដ្ឋានអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន បានចេញមុខពន្យល់ថា តង់ដែលវៀតណាមបោះជាង ៤០ កន្លែងនោះ គឺនៅតំបន់មិនទាន់ឯកភាពគ្នាលើខ្សែព្រំដែន មានន័យថា ទីនោះមិនមែនជាដីវៀតណាម ហើយក៍មិនទាន់ជាដីកម្ពុជា ពេញលេញនោះដែរ ប្រទេសទាំងពីរត្រូវបន្តការពិភាក្សា រកចំណុចឯកភាពបន្តទៅទៀត។
ជាមួយគ្នានោះលោកស្រីអះអាងថា កម្ពុជាបានធ្វើការតវ៉ាតាមរយៈ ក្រសួងការបរទេសមួយដងជា ពីរដងទៅវៀតណាមហើយៗ វៀតណាមថា អស់ Covid គេនឹងដក ចេញ។
លោកស្រី កុយ ពិសី បានសរសរលើគេហទំព័រ ហ្វេសប៊ុកកាលពីម្សិលមិញថា “យើងខ្ញុំ និងថ្នាក់ដឹកនាំព្រំដែន ជាពិសេសសម្តេចតេជោ បានដាក់ទាំងជិវិតដើម្បី ការពារទឹកដីមួយនេះរហូតមក ដូច្នេះគ្រប់ដង្ហើមចេញចូលរបស់ខ្ញុំ មិនដែលភ្លេចនូវកាតព្វកិច្ចរបស់ខ្លួនឡើយ គឺការពារឲ្យបាន បូរណភាពទឹកដី និងមិនឲ្យបរទេសណាមកបំពានកម្ពុជា ហើយកម្ពុជាក៏មិនបំពានទឹកដីគេវិញដែរ”។
លោកស្រី ពន្យល់បន្ថែមថា “សំណួរដែល RFI សួរខ្ញុំថា គណៈកម្មការព្រំដែនអត់ច្បាប់ ដែលកំពុងរស់នៅលើទឹកដីគេនោះ បានស្នើឲ្យរដ្ឋាភិបាលប្តឹងទៅ អន្តរជាតិពីការដែលវៀតណាម បោះតង់ក្នុងដីកម្ពុជា តើខ្ញុំយល់ថាម៉េច? ខ្ញុំថា រឿងនេះ ខាងព្រំដែន ខាងមហាផ្ទៃ បាននឹងកំពុងធ្វើការងារនេះ ហើយៗវាជារឿងដែល យើងអាចនិយាយគ្នាបានជា ទ្វេភាគី មិនមែនធំដុំដោះស្រាយមិនចេញ ហើយចាំបាច់ទៅរកគេជួយនោះទេ។ កម្ពុជាបានធ្វើការតវ៉ា តាមរយៈក្រសួងការបរទេសមួយដង ជាពីរដងទៅវៀតណាម ហើយៗវៀតណាមថា អស់ Covid គេនឹងដក ចេញ។ តាមរយៈសារនេះ ខ្ញុំសូមជម្រាបជូនបងប្អូនថា តង់ដែលវៀតណាមបោះជាង ៤០ កន្លែងនោះ គឺនៅតំបន់មិនទាន់ ឯកភាពគ្នាលើខ្សែព្រំដែន មានន័យថា ទីនោះមិនមែនជាដីវៀតណាម ហើយក៍មិនទាន់ជាដីកម្ពុជា ពេញលេញនោះដែរ ប្រទេសទាំងពីរត្រូវបន្តការពិភាក្សា រកចំណុចឯកភាពបន្តទៅទៀត។ ហេតុនេះជនអគតិទាំងនោះ កុំចេះតែបំភ្លៃរឿង កុំចេះតែញុះញង់មិនមែនចេះ ស្រលាញ់ជាតិអីតែអស់លោកឯងនោះទេ យើងខ្ញុំទាំងអស់គ្នានៅទីនេះ ប្រឹងប្រែងណាស់ទើបកសាងជាតិ បានប៉ុន្នេះជាមោទនៈសម្រាប់ កម្ពុជាណាស់ទៅហើយ។ សូមកុំបំផ្លាញជាតិច្រើនជាងនេះ នោះអ្នកនឹងគ្មានវាសនាល្អឡើយ”។
បើតាមអគ្គស្នងការរងនគបាលជាតិ បានបញ្ជាក់កាលពីពេលកន្លងទៅថា ចាប់តាំងពីករណីមេរោគកូវីដ១៩ មកភាគីវៀតណាមបានបោះតង់ ដោយឯកតោភាគីចំនួន ២៥៦កន្លែង នៅតាមខេត្តមួយចំនួនដែល ជាប់នឹងព្រំប្រទល់វៀតណាម ប៉ុន្តែដោយសារមានការតវ៉ា ពីសំណាក់រដ្ឋបាលរបស់កម្ពុជា ពួកគេបានសម្រេច រើចេញ និងថកថយជាច្រើនកន្លែងវិញ ៕