ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានស្នើសុំឲ្យរាជរដ្ឋាភិបាល បញ្ជូនក្រុមបច្ចេកទេសទៅវាយតម្លៃ ពីផលប៉ះពាល់សង្គម និងបរិស្ថាន ឲ្យបានគ្រប់ជ្រុងជ្រោយ មុនលុបបឹងណាមួយ ដើម្បីអភិវឌ្ឍ ។
គបម បានសរសេរលើបណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃទី២៩ កក្កដានេះថា រឿងលុបបឹងទំពុនខាងត្បូងជារឿងមួយ ដោយលែកយើងងាក មកមើលបឹងទំពុនខាងជើងម្តង បឹងទំពុនខាងជើងមាន ទំហំប្រហែលជិត ៦០ហិកតា ខ័ណ្ឌដោយប្រលាយទឹកស្អុយ (ខាងលិចតូចជាងខាងកើត)។
គបម បន្តថា បច្ចុប្បន្នបឹងទំពុនខាងជើងនេះ កំពុងតែត្រូវបានវាំង របងលុបជាបណ្តើរៗ ដោយពុំមានការបង្ហាញ ពីគំរោងអភិវឌ្ឍន៍ច្បាស់លាស់ ជូនប្រជាជនដែលរស់នៅ ជុំវិញបឹងនៅឡើយទេ។
សូមបញ្ជាក់ថា បឹងទំពុនខាងជើងនេះជា កន្លែងស្តុកទឹកដ៏ធំមួយសំរាប់ ដោះទឹកពេលមានជំនន់ទឹកភ្លៀងម្តងៗ ហើយក៏ជាបឹងដែលប្រជាជន ធ្លាប់អាស្រាយផលផងដែរ (ដូចជាដាំត្រួកួន កញ្ឆែត ជី ភ្លៅកង្កែប។ល។)។
បច្ចុប្បន្នប្រជាជនរាប់រយគ្រួសារ ក្នុងសង្កាត់បឹងទំពុន១ និងបឹងទំពុន២ ដែលរស់នៅជុំវិញបឹង កំពុងមានការបារម្ភជាខ្លាំង ដោយការលុបបឹងនេះខាងក្រុមហ៊ុន ចាក់ដីវាំងរបងជុំវិញ ដោយមិនទាន់ឃើញមានសាងសង់ ប្រព័ន្ធរំដោះទឹកភ្លៀងដែលធ្លាប់ ហូរចូលបឹងនៅឡើយ។ កន្លងមកគ្រាន់តែមាន ភ្លៀងធ្លាក់បន្តិចបន្តួច ក៏ចាប់ផ្តើមស្ទះទឹកលូ និងដក់ទឹកតាមផ្លូវបណ្តើរៗហើយ។
ប្រជាជនដែលរស់ជុំវិញបឹងបារម្ភថា ក្នុងពេលខាងនេះភ្លៀងធំ អាចនឹងបង្អុលគ្រប់ពេល ហើយផ្ទះនិងទ្រព្យសម្បត្តិ របស់ពួកគាត់នឹងត្រូវលិចលង់ និងខូចខាតក្នុងទឹកស្អុយមិនខាន ។
ទាក់ទិនបញ្ហានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ បញ្ជូនក្រុមបច្ចេកទេសទៅ វាយតម្លៃផលប៉ះពាល់សង្គម និងបរិស្ថានជាបន្ទាន់ ដើម្បីជួយការពារផលប្រយោជន៍សាធារណៈ និងប្រជាពលរដ្ឋរសលនៅតំបន់នេះ ៕