ភ្នំពេញ៖ មនុស្សប្រុសស្រី ដែលសុទ្ធតែយុវវ័យ កំពុងជ្រួលជ្រើមនឹងភ្លើងពណ៌ ជិត៣០០នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបញ្ជូនឡើងទ្រុងរថយន្តទាំងហ្វូងៗ ទៅកាន់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្នុងប្រតិបត្តិការបង្ក្រាប ក្លឹបកម្សាន្តយីហោ« ហ្គោលឡាញ » ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ ។
ប្រតិបត្តិការបង្ក្រាបក្លឹបកម្សាន្តខាងលើនេះ គឺត្រូវបានធ្វើឡើងដោយ គណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងនគរបាល រាជធានីភ្នំពេញ។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថាការសម្រេច ឈានទៅបិទក្លឹបកម្សាន្ត នេះគឺដោយសារតែ ក្លឹបនេះមិនស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាលដែល កំពុងទប់ស្កាត់និងបង្ការវីរុស កូវីដ១៩ ដែលពុំទាន់ ថមថយនៅឡើយ៕


