ចាំមើលទាំងអស់គ្នា! Instagram Reels គឺកម្មវិធីថ្មីដែល Facebook នឹងយកមកប្រកួតប្រជែងជាមួយ TikTok

0

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា ដោយសារតែមើលឃើញថាកម្មវិធី TikTok ទទួលបានប្រជាប្រិយភាព យ៉ាងខ្លាំងពីមនុស្សស្ទើរតែ ទូទាំងពិភពលោក ពេលនេះក្រុមហ៊ុន Facebook បានបន្ថែមមុខងារថ្មីមួយ ដែលបានដាក់ឱ្យដំណើរការ នៅលើកម្មវិធី Instagram ក្នុងប្រទេសមួយចំនួន ដែលមានឈ្មោះថា Instagram Reels ព្រមទាំងគ្រោងដាក់ឱ្យប្រើប្រាស់ នៅសហរដ្ឋអាមេរិក នៅខែក្រោយនេះទៀតផង ។

ក្រុមហ៊ុន Facebook បានផ្តល់នូវការលើកទឹកចិត្ត ជាប្រាក់កម្រៃដល់អ្នកពូកែ ក្នុងការច្នៃប្រតិដ្ឋដ៏មាន ប្រជាប្រិយបំផុតរបស់កម្មវិធី TikTok ដែលមានអ្នកតាមដាន រាប់លាននាក់ ដើម្បីធ្វើការបញ្ចុះបញ្ចូលពួកគេ ឱ្យងាកមកប្រើប្រាស់សេវាកម្មថ្មី Instagram Reels ដែលខ្លួននឹងយកមកប្រកួតប្រជែង ដើម្បីធ្វើឱ្យមានការកើនឡើង នៃប្រជាប្រិយភាពក្រុមហ៊ុនខ្លួន។ គេប៉ាន់ប្រមាណថាការចំណាយ ដែលមានសក្តានុពលសម្រាប់ អ្នកខ្លះគឺអាចមានទៅដល់ រាប់រយពាន់ដុល្លារឯណោះ។

ដោយឡែកចំពោះ ក្រុមហ៊ុន TikTok ក៏បានប្រកាសមូលនិធិប្រហែល ២០០លានដុល្លារ សម្រាប់ជួយដល់អ្នកច្នៃប្រតិដ្ឋ ដែលបានធ្វើការយកចិត្តទុកដាក់ និងការលះបង់ដែលពួកគេ បានខំប្រឹងផ្សាភ្ជាប់ប្រកប ដោយភាពច្នៃប្រតិដ្ឋជាមួយនឹង អ្នកប្រើប្រាស់ដែលត្រូវបាន បំផុសគំនិតដោយពួកគេ ព្រមទាំងក្នុងគោលបំណង ទប់ស្កាត់មិនឱ្យពួកគេងាយ ទៅចាប់អារម្មណ៍ប្រើប្រាស់មុខងារ Instagram Reels។

សូមបញ្ជាក់ផងដែរថា Instagram Reels គឺជាមធ្យោបាយថ្មីមួយដើម្បី បង្កើតជាវីដេអូកម្សាន្ត និងធ្វើឱ្យមានការទាក់ទាញពី Instagram Stories ។

Instagram Reels បានសាកល្បងជាលើកដំបូង នៅក្នុងប្រទេសប្រេស៊ីល បន្ទាប់មកមាននៅប្រទេសអាល្លឺម៉ង់ បារាំង និងឥណ្ឌា ដែលមុខងារនេះត្រូវបានចេញផ្សាយ តែប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា បានហាមឃាត់ TikTok រួមជាមួយកម្មវិធីចិនចំនួន ៥៨ ផ្សេងទៀត។ បច្ចុប្បន្នគេពុំដឹងថាតើពេលណាកម្មវិធីនេះ នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ ទូទាំងពិភពលោកនោះទេ ៕