ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការសហការណ៍ជាមួយ ការរិយាល័យប្រឆាំងបទល្មើស បច្ចេកវិទ្យានៃផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្វែងរក និងកោះហៅបុគ្គលឈ្មោះ យុន សុខលីន ឲ្យចូលខ្លួនមកទទួលកំហុស ចំពោះមុខច្បាប់ និងធ្វើការសុំទោសជាសារណៈ។ នេះបើយោងតាម ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ការកោះហៅឲ្យតារាស្រី Tik Tok ចូលខ្លួន មកទទួលកំហុសនេះ បន្ទាប់ពីនារីរូបនេះបានប្រើគណនី Tik Tok ឈ្មោះ Ounlin888899 ដែលបានបង្ហោះវីដេអូ ដែលមានខ្លឹមសារប្រមាថមើលងាយ ដោយគ្មានភ័ស្តុតាង មកលើសមត្ថកិច្ច កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។
ដោយទទួលស្គាល់ព័ត៌មានវីដេអូ ដែលខ្លួនបានបង្ហោះនោះជាព័ត៌មានមិនពិត បុគ្គលរូបនេះបានយល់ព្រមទទួលកំហុស ហើយចូលខ្លួនមកសារភាពកំហុសតាមការកោះហៅ របស់សមត្ថកិច្ច ដោយបានធ្វើកិច្ចសន្យា និងថតជាវីដេអូសុំទោសជាសារធារណៈ ដើម្បីសុំទោសសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ចំពោះទង្វើដែលសង្គមស្អប់ខ្ពើមនេះផងដែរ ។
យើងខ្ញុំសូមថ្លែងអំណរគុណ ចំពោះកិច្ចសហការល្អរបស់សាធារណជន ជាពិសេសបណ្ដាញទំនាក់ទំនង សង្គមដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម រិះគន់ក្នុងន័យស្ថាបនា និងទទួលយកជាមូលដ្ឋានធ្វើការកែលម្អ ហើយក៏សូមអំពាវនាវដល់សាធារណជន និងបណ្ដាញសង្គមចៀសវាង ការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲយមានភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ ជាធរមានផងដែរ ៕


