វេទិកាស្រូវអង្ករកម្ពុជា ឆ្នាំនេះ ត្រូវលើកពេល ដោយសារកូវីដ១៩

0

ភ្នំពេញ៖ វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះនឹងត្រូវលើកពេល ទៅពេលវេលាសមស្របមួយ ក្រោយពីស្ថានភាពនៃ ជំងឺរាតត្បាតកូវីដ១៩ បានស្ងប់ស្ងាត់។

យោងតាមសេចក្ដីជូនដំណឹង របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានឲ្យ ដឹងថា «សហព័ន្ធស្រូវអង្ករកម្ពុជាសូមធ្វើការអភ័យទោស ដោយសូមប្ដូរពេលវេលា នៃការរៀបចំកម្មវិធី វេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ពីថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ នៅសណ្ឋាគារសូហ្វី តែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ ទៅពេលវេលាសមស្របមួយ ក្រោយពីស្ថានភាព នៃជំងឺរាតត្បាតកូវីដ១៩ បានល្អប្រសើរ ឡើងវិញ។

សហព័ន្ធស្រូវអង្ករកម្ពុជា បន្ដថា ដោយសារស្ថានភាព នៃការឆ្លងរីករាលដាល នៃវីរុសកូរ៉ូណាប្រភេទថ្មី នាពេលបច្ចុប្បន្នកំពុងរីកសាយភាព និងបង្កភាពភ័យខ្លាច ដល់ប្រជាជននៅលើពិភពលោក ដែលក្នុងនោះ រារាំងដល់ការធ្វើដំណើរជាអន្តរជាតិ និងការជួបជុំប្រមូលផ្ដុំ មនុស្សក្នុងចំនួនច្រើន ស្របពេលដែលទទួលបាន ការឆ្លើយតប និងស្នើសុំលុបការចូលរួមនៅក្នុងវេទិកាស្រូវអង្ករលើកទី៧ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២០ ពីសំណាក់វាយគ្មិនអន្តរជាតិ និងអ្នកទិញ មួយចំនួនធំ និងសំខាន់ៗ ជាពិសេសមកពីប្រទេសចិន និងបណ្ដាប្រទេសមួយចំនួននៅអាស៊ាន និងអឺរ៉ុប និងដោយមានសំណូមពរពីសមាជិក សមាជិកា និងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ចង់ឱ្យការរៀបចំនេះ ប្រកបដោយជោគជ័យ និងទទួលបាននូវលទ្ធ ផលល្អ។

បន្ថែមពីនេះសហព័ន្ធស្រូវអង្ករកម្ពុជា សូមការអនុញ្ញាតធ្វើការកែប្រែ និងផ្លាស់ប្តូរពេលវេលានៃការរៀបចំ កម្មវិធីពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ទៅពេលក្រោយវិញ ចំពោះកាលបរិច្ឆេទជាក់លាក់ នៃវេទិកាស្រូវអង្ករលើកទី៧ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងធ្វើការជម្រាបជូនជាថ្មីម្ដងទៀត នៅពេលក្រោយ៕