ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ពីតិចទៅច្រើន ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ កក្កដានេះ បានឲ្យដឹងទៀតថា តាមរយៈនៃការប្រែប្រួល ជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុសង្កេតឃើញថា ខ្យល់មូលសុងនិរតីបក់ក្នុងកម្រិតបង្គួរលើកម្ពុជា។ ខណៈប្រព័ន្ធសម្ពាធទាប អូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម។
ស្ថានភាពបែបនេះ ធ្វើឲ្យបណ្ដាខេត្តនៅតំបន់ វាលទំនាបកណ្ដាល របស់កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ រាយប៉ាយជាមួយនឹងបរិមាណ ពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកខ្លះ អាចមានភ្លៀងធ្លាក់ខ្លាំង ។
ចំពោះបណ្តាលខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះ អាចមានភ្លៀងធ្លាក់ច្រើនផងដែរ។ ចំណែកឯបណ្ដាខេត្ត នៅតំបន់មាត់សមុទ្រវិញ ក៏នឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយលើក្នុងកម្រិតពីតិចទៅបង្គួរ។ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះ បាតុភូតធម្មជាតិដូចជា ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។
ដោយឡែក ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៤ សីហា ផ្នែកខ្លះនៃបណ្ដាខេត្តនៅទីទំនាបជាប់ជួរភ្នំ និងផ្លូវទឹក សូមប្រុងប្រយ័ត្នកម្ពស់ទឹកជំនន់។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្របក់បោកខ្លាំងចាប់ពីថ្ងៃទី១ ដល់ទី៣ ខែសីហា ឆ្នាំ២០២០ ៕