ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសផ្ដល់ជំនួយ ១១លានដុល្លារ ដល់កម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
បន្ថែមពីនេះសហរដ្ឋអាមេរិក ក៏កំពុងកៀងគរធនធានចាំបាច់ ដើម្បីធ្វើការជាមួយដៃគូកម្ពុជា ក្នុងការដោះស្រាយវិបត្តិ ផ្នែកសុខភាពសាកល មួយនេះផងដែរ ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២២៥នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៧៩នាក់)។ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយមានចំនួន ១៤៧នាក់ មានស្រី ៣៩នាក់ និងបុរស ១០៨នាក់។ ដោយឡែកអ្នកកំពុង សម្រាកព្យាបាលមានចំនួន ៧៨នាក់។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី២៧ កក្កដានេះ បានឲ្យដឹងថា ”
សហរដ្ឋអាមេរិក បានរួមចំណែកជាជំនួយចំនួន ១១លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ នៅប្រទេសកម្ពុជា ។ យើងកំពុងតែកៀងគរធនធានចាំបាច់ ហើយធ្វើការជាមួយដៃគូ កម្ពុជារបស់យើង ដើម្បីប្រឈមដោះស្រាយវិបត្តិ ផ្នែកសុខភាពសាកលនេះ” ៕