ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រកាសត្រៀម លក្ខណៈសម្បត្តិ ដោះស្រាយបញ្ហាដីធ្លី ដែលនៅសេសសល់ ទ្រង់ទ្រាយធំ នៅក្នុងស្រុកបន្ទាយស្រី ដើម្បីជាមូលដ្ឋាន ឈានទៅដល់ការបញ្ចប់ វិវាទរ៊ាំរ៉ៃ ជាច្រើនដែលបានអូសបន្លាយ អស់ជាយូរឆ្នាំ មកហើយ។
លោក ឃឹម ហ្វីណង់បានសរសេរ លើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៧កក្កដានេះថា ស្របពេលដែលរាជរដ្ឋាភិបាល កំពុងធ្វើសិក្សាពីលទ្ធភាព កាត់ឆ្វៀលនិងផ្តល់កម្មសិទ្ធិ ជូនដល់ប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែង យូរឆ្នាំនៅលើដី សាធារណៈរបស់រដ្ឋ រដ្ឋបាលស្រុកបន្ទាយស្រី ចាំបាច់ត្រូវប្រុងប្រៀបប្រមូល និងគ្រប់គ្រងរាល់ទិន្នន័យ ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះ ពីថ្នាក់មូលដ្ឋានផ្ទាល់ អោយបានគ្រប់ជ្រុងជ្រោយ ជាមុនសិន ដើម្បីជៀសវាងការ ឆ្លៀតឱកាស ពីសំណាក់ជនខិលខូច និងសកម្មជនដីធ្លីមួយចំនួន យកលេសនេះមកទាមទារ ចំណែកអោយអាជ្ញាធរ ដោះស្រាយជូនដែរ។
បញ្ហាដែលរដ្ឋបាលស្រុក ត្រូវតែគ្រប់គ្រងអោយបាន ក្នុងពេលនេះគឺ៖
– កំណត់មុខសញ្ញា ជនឱកាសនិយម និងសកម្មជនដីធ្លី ដែលក្លែងបន្លំ ជាជនក្រីក្រ រឺគ្រាន់តែសំអាងមូលហេតុផ្សេងៗ ហើយបានកាប់រានទន្ទ្រាន វាតទីដីរដ្ឋ រួចទាមទារអោយអាជ្ញាធរ ទទួលស្គាល់
– ទប់ស្កាត់ការរុករាន ទន្ទ្រានយកដីរដ្ឋថ្មីៗបន្ថែម ការដាំដំណាំ រឺសាងសង់សំណង់ថ្មីៗ ដើម្បីបំភ័ន្តភ្នែក ជាការកាន់កាប់អាស្រ័យផល យូរមកហើយ សកម្មភាពទាំងនេះ ទាំងចាស់ថ្មី នឹងត្រូវបានចាត់ទុក ជាការទង្វើអនាធិបតេយ្យ រំលោភច្បាប់ ដែលរដ្ឋបាលស្រុក នឹងបន្តប្រកាន់ជំហររឹងម៊ាំមុឹងមាត់បំផុត ព្រមទាំងនឹងមានចំណាត់ការ ខាងផ្លូវច្បាប់យ៉ាងតឹងរឹង សម្រាប់ជនល្មើស ទាំងនោះផងដែរ។ ដើម្បីជាការត្រៀមលក្ខណៈសម្បត្តិទុកជាមុន ក៏ដូចជាអនុវត្តតាមការណែនាំ របស់រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកបាន តម្រូវអោយមេភូមិ-មេឃុំ ទាំងអស់នៅក្នុងស្រុកបន្ទាយស្រី រួសរាន់សហការជាមួយ តំណាងរដ្ឋបាលព្រៃឈើ និងតំណាងក្រសួងបរិស្ថាន ចុះស្រង់ទិន្នន័យ នៃប្រជាពលរដ្ឋ ដែលអាចនឹងត្រូវបានកាត់ឆ្វៀល និងផ្តល់កម្មសិទ្ធិ ជូនបានពីសំណាក់ រាជរដ្ឋាភិបាល ដោយផ្តល់អាទិភាពចម្បង ទៅលើលក្ខណៈវិនិច្ឆ័យ ចំនួន៤មុនគេរួមមាន៖
– ការកាន់កាប់អាស្រ័យផល ជាក់ស្តែងយូរមកហើយ
– ដីដែលមិនមានទំនាស់
– ដីដែលមានឯកសារ បញ្ជាក់ពីរយៈពេលកាន់កាប់ និងអត្តសញ្ញាណច្បាស់លាស់
– ការកាន់កាប់អាស្រ័យផល លើដីទំហំតូចៗជាលក្ខណៈគ្រួសារ៕