ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលសន្យាដោះលែងអ្នកជាប់ឃុំខ្លួន ចំនួន ១០០០០នាក់ តាមការទាមទារបស់ អង្គការលើកលែងទោសអន្ដរជាតិ និងសម្ព័ន្ធខ្មែរជំរឿន និងអង្គការការពារសិទ្ធិមនុស្ស លីកាដូឡើយ ។
កាលពីពេលថ្មីៗនេះ អង្គការលើកលែងទោសអន្ដរជាតិ និងសម្ព័ន្ធខ្មែរជំរឿន និងអង្គការការពារសិទ្ធិមនុស្ស លីកាដូ បានចេញសេចក្ដីថ្លែងការណ៍រួម ដោយសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជានឹង ដោះលែងអ្នកជាប់ឃុំចំនួន ១០០០០នាក់ ក្នុងនោះមានអ្នកដែលប្រឈមនឹង ហានិភ័យខ្ពស់នៃការឆ្លងវីរុសកូវីដ-១៩ និងអ្នកជាប់ឃុំដទៃទៀតដែល បានប្រព្រឹត្តបទល្មើសស្រាល ក៏ជាស្ដ្រីជាប់ឃុំដែលមានកូនតូចនៅជាមួយ ព្រមទាំងអ្នកជាប់ឃុំជាអនីតិ ជនផងដែរ។ ក្រុមអង្គការទាំងពីរនេះ បន្ថែមថា សម្ដេចក្រឡាហោម ស ខេង បានសន្យាថា អ្នកជាប់ឃុំរហូតដល់ ១០០០០នាក់ នឹងត្រូវដោះលែងនៅទូទាំងប្រទេស ដោយលើកឡើងពីហានិភ័យ នៃការឆ្លងរីករាលដាលវីរុសកូវីដ-១៩ និងការព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងពន្ធនាគារកម្ពុជា។
តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ កក្កដានេះ លោក ជិន ម៉ាលីន បានប្រាប់ឲ្យ អង្គការលើកលែងទោសអន្ដរជាតិ និងសម្ព័ន្ធខ្មែរជំរឿន និងអង្គការការពារសិទ្ធិមនុស្ស លីកាដូ ត្រួតពិនិត្យឡើងវិញនូវសុក្រឹត្យភាព និងវិជ្ជាជីវៈរបស់ខ្លួន ក្នុងការចេញសេចក្តីថ្លែងការណ៍ ដែលគ្មានមូលដ្ឋាន និងខុសពីការពិតនេះ ដោយហេតុថា៖
១.រដ្ឋាភិបាលមិនដែលបាន សន្យាដោះលែងអ្នកជាប់ឃុំ ១០០០០នាក់ តាមការទាមទារបស់ អង្គការទាំងពីរនេះទេ នាពេលកន្លងមក។
២.ការយោងទៅលើប្រសាសន៍ សម្តេចក្រឡាហោម ស ខេង គឺជាការដកស្រង់ដោយខុសពីការពិត និងខ្លឹមសារដើមទាំងស្រុង ដែលអាចបង្កប់នូវចេតនាទុច្ចរិត និងនាំឱ្យសាធារណជនមានការភ័ន្តច្រឡំ។
៣.យុទ្ធនាការរបស់ក្រសួងយុត្តិធម៌ មិនមែនជាយុទ្ធនាការដោះលែង អ្នកទោសតាមការទាមទា និងចង់បានរបស់អង្គការទាំងពីរនេះ ដោយគ្មានមូលដ្ឋានច្បាប់ និងការគិតគូអំពីសន្តិសុខ និងសុវត្ថភាពសង្គមនោះទេ។
៤.យុទ្ធនាការរបស់ក្រសួងយុត្តិធម៌ ជាយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿងនៅតាមតុលាការ ដោយផ្អែកលើមូលដ្ឋាន និងនីតិវិធីច្បាប់ដែលមានជាធរមាន និងប្រកាន់ភ្ជាប់នូវអភិក្រមលឿន ឆាប់រហ័ស យុត្តិធម៌ ត្រឹមត្រូវ និងមិនពុករលួយ ហើយមានគោលដៅ យុទ្ធសាស្រ្ត ផែនការ និងកម្មវិធីអនុវត្តយ៉ាងច្បាស់លាស់។
សូមរំលឹកថា អ្នកជាប់ឃុំ ក្នុងពន្ធនាគារនៅកម្ពុជា បានកើនឡើងពីចំនួន ២១៩០០នាក់ នៅចុងឆ្នាំ២០១៦ ដល់ចំនួន ៣៨៩៩០នាក់ គិតត្រឹមខែមីនា ឆ្នាំ២០២០ ទោះបីជា ពន្ធនាគារនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណថា អាចផ្ទុក មនុស្សបានត្រឹមតែ ២៦៥៩៣នាក់ក៏ដោយ ៕