ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបកស្រាយបំភ្លឺ និងបដិសេធចំពោះរឿង ទាក់ទងទៅនឹងគណនីហ្វេសប៊ុក ឈ្មោះជាភាសាចិន មួយ ដែលបានយករឿងមិនពិត តាំងពីឆ្នាំ២០១៩ មកផុស ក្នុងគោលបំណង បង្ខូចកិត្តិយសរបស់សមត្ថកិច្ច ។
បន្ទាប់ពីទទួលបានព័ត៌មាន ដែលគណនីហ្វេសបុកឈ្មោះជាអក្សរចិន បានចុះផ្សាយថាមានមន្ត្រីចរាចរណ៍ ម្នាក់ជំរិតទាលុយ ពីគាត់នៅគោលដៅរង្វង់មូលចោមចៅ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការស្រាវជ្រាវលើករណីនេះ ព្រមទាំងបានហៅមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាល ១រូប ដែលឈរជើង នៅគោល ដៅនោះ មកធើ្វការសាកសួរបំភ្លឺ ដោយទទួលបានលទ្ធផលដូចតទៅ៖ យោងតាមរបាយការណ៍ របស់ផ្នែកអន្តរាគមន៍ និងការបំភ្លឺរបស់មន្រ្តីទាំងពីរនាក់នោះ ជាមួយក្រុមការងារអនុវត្តវិន័យ របស់ការិយាល័យបានបញ្ជាក់ថា ការបង្ហោះក្នុង គណនីហ្វេសបុកដែលចោទប្រកាន់ថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៣រសៀល មានមន្រ្តីជាប់កិច្ចសន្យាម្នាក់ឈ្មោះ ហេង ម៉េងហ៊ុន ឈរជើងនៅគោលដៅរង្វង់មូលចោមចៅ បានហៅឡានគាត់ត្រួតពិនិត្យច្បាប់ចរាចរណ៍ និងបានជំរិតទារ ប្រាក់ចំនួន $40 និង 30,000 រៀល ពីម្ចាស់រថយន្តនោះ គឺជាព័ត៌មានមិនពិតនោះទេ ។
ប៉ុន្តែគាត់ បានទទួលស្គាល់ថារូបភាពនេះ គឺជារូបរបស់គាត់ពិតប្រាកដមែន កាលពីជាង១ឆ្នាំមុន ដែលពេលនោះ កម្លាំងកំពុងឈរ សម្រួលចរាចរណ៍ ដោះស្រាយការកកស្ទះនៅចំណុចរង្វង់មូលចោមចៅ មានអ្នកដំណើរតាមដងផ្លូវបានហុចប្រាក់ចំនួន $20 និងអ្នកផ្សេងទៀតបានអោយ $10 ទៅឲ្យលោកអនុសេនីយ៍ទោ អុំ សត្រា ដើម្បីទិញទឹក និងចំណីហូប ព្រោះឃើញកម្លាំងហត់ នឿយខ្លាំងក្នុងការជួយសម្រួល ចរាចរណ៍ជូនប្រជាពលរដ្ឋ បន្ទាប់មកលោកអនុសេនីយ៍ទោ អុំ សត្រា ក៏បានប្រគល់ប្រាក់នោះឲ្យ ទៅលោក ហេង ម៉េងហ៊ុន ជាមន្រ្តីជាប់កិច្ចសន្យា រក្សាទុក ។ ក្នុងករណីនេះ អាចមានជនមិនស្គាល់មុខ លួចថតសកម្មភាព នៅពេលឃើញមន្រ្តីជាប់កិច្ចសន្យារូបនេះ កំពុងតែកាន់លុយនៅនឹងដៃ ដោយមានចេតនាអាក្រក់ដើម្បីមូលបង្កាច់ និង បង្ខូចកិត្តិយសសមត្ថកិច្ច ៕