មូលហេតុដែលនាំឲ្យ កម្ពុជាបិទជើងហោះហើរ ជាមួយម៉ាឡេស៊ី និងឥណ្ឌូនេស៊ី គឺដោយសារ…

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មូលហេតុដែលនាំឲ្យ កម្ពុជាបិទជើងហោះហើរ បណ្ដោះអាសន្នជាមួយប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី គឺដោយសារតែ ថ្មីៗនេះសង្កេតឃើញថា ចំនួនអ្នកមានមេរោគកូវីដ-១៩ ភាគច្រើនជាអ្នកធ្វើដំណើរ តាមជើងយន្តហោះមកពីប្រទេសទាំងពីរនេះ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិភពលោកក្នុង ២១៦ប្រទេស គឺបានកើនឡើងដល់ ១៥.៥៨១.០០៩នាក់ ហើយចំនួនអ្នកស្លាប់គឺកើនដល់ ៦៣៥.១៧៣នាក់។

សម្ដេចបន្តថា រីឯប្រទេសកម្ពុជាវិញ អ្នកឆ្លងមេរោគកូវីដ-១៩ គឺបានកើនដល់ ២២៥នាក់ អ្នកព្យាបាលជាមានចំនួន ១៤៣នាក់ ហើយអ្នកជំងឺកំពុងសម្រាក ព្យាបាលមានចំនួន ៨២នាក់។ ប្រទេសយើងគ្មានអ្នកស្លាប់ទេ ហើយជំងឺកូវីដ-១៩ នេះគឺមិនកើតក្នុងប្រទេសយើងដែរ គឺឆ្លងតាមអ្នកដំណើរមកពីក្រៅប្រទេស។

សម្ដេចតេជោបញ្ជាក់ថា «ថ្មីៗនេះយើងបានឃើញ ចំនួនអ្នកមានមេរោគកូវីដ-១៩ ចំនួនច្រើនគឺជាអ្នកធ្វើដំណើរ តាមជើងយន្តហោះមកពី ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដូច្នេះហើយពេលនេះកម្ពុជា យើងបានសម្រេចផ្អាកជើងហោះហើរ មកពីប្រទេសទាំងពីរនេះ ជាបណ្តោះអាសន្នសិន» ។

សម្ដេចបានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ ឲ្យសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុត ហើយពុំទាន់មានថ្នាំ ព្យាបាលនៅឡើយទេ។

សម្ដេចបន្ថែមថា អ្វីដែលយើងទាំងអស់គ្នា អាចធ្វើបានងាយៗគឺ ឧស្សាហ៍ដុសលាងសម្អាតដៃ ជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាស អោយបានជាប្រចាំ។ គ្រប់ទីកន្លែងទាំងអស់ត្រូវអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល អោយបានដាច់ខាត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋ ឲ្យជួបតែក្ដីសុខសប្បាយ និងចៀសផុតពីជំងឺកូវីដ-១៩ នៅគ្រប់ទីកន្លែងទាំងក្នុង និងក្រៅប្រទេស ៕