កម្មវិធីកែរូបភាពជាច្រើន នៅក្នុង Play Store ជាកម្មវិធីបោកបញ្ឆោត

0

ភ្នំពេញ​៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបាន រកឃើញកម្មវិធីកែរូបភាពក្លែងក្លាយចំនួន ២៩ នៅក្នុង Google Play Store ដែលមិនអាចប្រើបាន ដូចអ្វីដែលបានសន្យា ហើយមិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងធ្វើឱ្យមានបញ្ហា ផ្សេងៗមួយចំនួនជាមួយទូរសព្ទរបស់លោកអ្នកទៀតផង។ កម្មវិធីទាំងនេះត្រូវបានអ្នកប្រើប្រាស់ ទាញយកប្រមាណ ៣.៥លានដង រួចមកហើយ។

ពេលដែលលោកអ្នក បញ្ចូលកម្មវិធីនេះ វានឹងធ្វើឱ្យឧបករណ៍របស់លោកអ្នកបើកវេបសាយ ដែលមានការផ្សព្វផ្សាយពាណិជ្ជកម្មដោយស្វ័យប្រវត្តិ។ ការជ្រៀតចូលនេះត្រូវបានគេឱ្យឈ្មោះថា Chartreuse Blur ព្រោះកម្មវិធីទាំងអស់នេះគឺជាប្រភេទកម្មវិធីសម្រាប់ កែរូបភាពហើយភាគច្រើន មានពាក្យ Blur ក្នុងឈ្មោះកម្មវិធីផងដែរ។ ឧទាហរណ៍កម្មវិធី Square Photo Blur គឺជាកម្មវិធីក្លែងក្លាយ ហើយក៏ត្រូវបានលុបចេញពី Play Store រួចហើយដែរ។

អ្នកស្រាវជ្រាវបានបង្ហាញពីរចំណុច ដែលអាចឱ្យអ្នកប្រើប្រាស់សម្គាល់បានថាតើកម្មវិធីនេះ ជាកម្មវិធីក្លែងក្លាយនោះគឺ ទីមួយ នៅពេលដែល លោកអ្នកបញ្ចូលកម្មវិធី icon របស់វាត្រូវបានលុបចេញពី Home screen។ ទីពីរ គឺបន្ទាប់ពីបញ្ចូលកម្មវិធីនោះហើយ លោកអ្នកនឹងចាប់ផ្ដើម ទទួលបានការផ្សព្វផ្សាយពាណិជ្ជកម្មដោយ ស្វ័យប្រវត្តិជាញឹកញាប់។ ដូច្នេះប្រសិនបើលោកអ្នកបានបញ្ចូលកម្មវិធីនេះ ហើយមានបំណងចង់លុបវាចោលវិញនោះ លោកអ្នកត្រូវចូលទៅក្នុង Settings របស់ទូរសព្ទទើបលុបវាចោលបាន៕