ភ្នំពេញ៖ លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ឧក្រិដ្ឋជនគ្រឿងញៀន បានប្រើល្បិចគ្រប់បែបយ៉ាង ដើម្បីចរាចរណ៍គ្រឿងញៀនឆ្លងដែន តាមរយៈរូបភាពបញ្ញើទំនិញ ក្នុងដំណាក់កាល រាតត្បាត ជំងឺកូវីដ-១៩។ ជុំវិញបញ្ហានេះលោកក៏បានស្នើឱ្យ មន្ត្រីជំនាញខិតខំ ពង្រឹងការត្រួតពិនិត្យទំនិញ តាមបញ្ញើប្រៃសណីយ៍បន្ថែមទៀត ផងដែរ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីលទ្ធផលត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានស្នើយ៉ាងដូច្នេះថា «ឥឡូវប្រៃសណីយ៍ហ្នឹងជាចំណុចស្នូលមួយ ដែលវាផ្ញើទំនិញ ប៉ុន្មានថ្ងៃនេះ ចាប់បានប៉ុន្មានករណីទៀត ដែលបម្រុងផ្ញើទៅហ្វីលីពីនដែលក្រុមឧក្រិដ្ឋជនរៀបចំជាកញ្ចប់។អីចឹងត្រូវពង្រឹងការត្រួតពិនិត្យកញ្ចប់ប្រៃសណីយ៍នេះ សំខាន់ណាស់ក្នុងសម័យកូវីដ-១៩»។
ជាមួយគ្នានេះដែរ ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថា ករណីបញ្ញើទំនិញ តាមប្រៃសណីយ៍នេះបានធ្វើឱ្យក្រុមឧក្រិដ្ឋជនគ្រឿងញៀនមួយចំនួនបានរួចផុតពីការចាប់ខ្លួនរបស់សមត្ថកិច្ច ដោយពួកនេះ បានប្រើល្បិចគ្រប់បែបយ៉ាង ដើម្បីចៀសផុតពីភ្នែករបស់សមត្ថកិច្ចជំនាញ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក្តី សមត្ថកិច្ចកម្ពុជា បានបង្ក្រាបយ៉ាងសស្រាក់សស្រាំ ចំពោះក្រុមឧក្រិដ្ឋជននេះ បានទាន់ពេលវេលាទាំងបញ្ញើឆ្លងដែន និងបញ្ញើចូលក្នុង ប្រទេសកម្ពុជា។
លោក កែ គឹមយ៉ាន បានបន្តថា ទោះបីជាមានលទ្ធផលគួរជាទីមោទនៈដូចនេះក្តី ក៏សភាពការគ្រឿងទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ និងក្នុងតំបន់នៅតែបង្ហាញថា តម្រូវការគ្រឿងញៀននៅតែមានកំណើនខ្ពស់ ពិសេសទីផ្សារគ្រឿងញៀនកាន់តែរីកធំជាងមុន រួមទាំងការចរាចរសារធាតុគីមីផ្សំគ្រឿងញៀន ក្នុងចំនួនដ៏ច្រើនលើសលប់ ដោយមិនមានការត្រួតពិនិត្យឱ្យបានដិតដល់ ក៏ដូចជាការរីលរាលដាលគួរឱ្យព្រួយបារម្ភ នូវការប្រើប្រាស់សារធាតុគ្រឿងញៀនប្រភេទថ្មី ដែលប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ។
លោក កែ គឹមយ៉ាន ក៏បានបង្ហាញពីក្តីព្រួយបារម្ភចំពោះស្ថានភាពដែលការផលិតចរាចរគ្រឿងញៀនលើពិភពលោកនិងក្នុងតំបន់នៅតែមានការប្រៃប្រួលកើនឡើងឥតឈប់ឈរល្បិចកលលួចលាក់ធ្វើសកម្មភាពរបស់ក្រុមឧក្រិដ្ឋជន កាន់តែស្មុគស្មាញ ធ្វើឱ្យប្រទេសកម្ពុជា នៅតែបន្តទទួលរងនូវឥទ្ធិពលដ៏អាក្រក់ និងការគំរាមកំហែងពីការចរាចរឆ្លងកាត់ និងហូរចូលគ្រឿងញៀន ទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើតាមប្រៃសណីយ៍ រួមទាំងការប៉ុនប៉ងផលិតកែច្នៃគ្រឿងញៀន និងការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀនពីទីប្រជុំជន ដល់តំបន់ដាច់ស្រយ៉ាល៕