ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំង ដែលរត់ចេញពីកន្លែងចត្តាឡីស័ក យល់ព្រមបង់ពិន័យ

0

ភ្នំពេញ៖ ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ឈ្មោះ រ៉ូស វីរ៉ា ដែលបានលួចរត់ចេញពី កន្លែងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ បានទទួលស្គាល់កំហុសរបស់ខ្លួន និងយល់ព្រមបង់ការផាកពិន័យ ១លានរៀល ជាមួយនឹងការសន្យា ឈប់រត់គេចតទៅទៀត។

យោងតាមកិច្ចសន្យារបស់ស្រ្តីខាងលើ បានបញ្ជាក់ដូចតទៅ៖

យល់ព្រមទទួលកំហុស ដែលបានប្រព្រឹត្តទៅ នៅវេលាយប់ម៉ោង ៦៖៣០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដែលមិនបានអនុវត្តតាម វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លង រីករាលដាលជាអន្តរជាតិ នៃជំងឺក្នុងការគេចវេស (លួចរត់) ក្នុងអំឡុងពេលចិត្តាឡីស័កកម្រិត២ នៅសណ្ឋាគារមួយកន្លែងនៅភ្នំពេញ។

យល់ព្រមទទួលបង់ពិន័យ អន្តរការណ៍ជាប្រាក់ចំនួន ១លានរៀល ដោយយោងតាមអនុក្រឹត្យ ស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លង រាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រក ចេញចូលនៅក្នុងជំពូក៥ ស្ដីពីទណ្ឌកម្មនៃអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលលេខ១២៩ អនក្រ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥។

សន្យាថា នឹងគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល យ៉ាងត្រឹមត្រូវក្នុងអំឡុងពេល អនុវត្តវិធានការសុខាភិបាល ចត្តាឡីស័ករយៈពេល ១៤ថ្ងៃនៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ដោយមិនគេចវេះ ឬរត់ចេញពីក្នុងបន្ទប់នៃសណ្ឋាគារឡើយ។

សូមបញ្ជាក់ថា ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ឈ្មោះ រ៉ូស វីរ៉ា ត្រូវបានគេដឹងថា បានរត់ចេញពីមណ្ឌលចត្តាឡីស័ក នៅរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៧ ខែកក្កដា ហើយក៏ត្រូវបានសមត្ថកិច្ចស្វែងរកឃើញ នៅក្នុងផ្ទះសំណាក់មួយ ក្នុងទីរួមខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។

ស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងរូបនេះ បានចូលមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយរូបនាងបានធ្វើដំណើរ ក្នុងយន្តហោះជាមួយ មន្ត្រីស្ថានទូតអាមេរិកពីររូប ដែលរកឃើញមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ។ ស្ត្រីរូបនេះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ក្រោយមកដល់កម្ពុជា។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា នេះជាករណីលើកដំបូង ដែលមានមនុស្សរត់ចេញពី មណ្ឌលចត្តាឡីស័ក នៅក្នុងប្រទេសកម្ពុជា ខណៈដែលកន្លងទៅធ្លាប់មាន តែករណីគេចមិនឱ្យធ្វើតេស្តតែប៉ុណ្ណោះ ។

បន្ទាប់ពីមានការរត់ចេញនេះ ក្រសួងសុខាភិបាលកម្ពុជា បានស្វែងរកឃើញអ្នកពាក់ព័ន្ធ នឹងស្ត្រីខ្មែរជនជាតិអាមេរិក ចំនួន១០នាក់ ក្រោយពីរូបគាត់បានរត់ចេញពី មណ្ឌលចិត្តាឡីស័កភ្នំពេញ ទៅកាន់ខេត្តកំពង់ចាម ហើយក្រសួងសុខាភិបាល កំពុងតែតាមដានលើអ្នកពាក់ព័ន្ធ ទាំងនោះដោយមិនទាន់មាន វិធានការអ្វីផ្សេងឡើយ ៕