ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា យើងអាចប្រគល់សិទ្ធិឱ្យគេធ្វើការ ប៉ុន្តែយើងមិនអាចផ្ទេរ ការទទួលខុសត្រូវរបស់យើង ក្នុងនាមជាអ្នកដឹកនាំបានឡើយ ។
ក្នុងពិធីប្រកាសតែងតាំង មុខងារនាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងកងពលតូចថ្មើរជើងលេខ៥៣ នៅថ្ងៃទី២០ កក្កដា ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា អង្គភាពទ័ពនីមួយៗ មិនមែនជារបស់មេបញ្ជាការ ឬបុគ្គលណាទេ គឺជារបស់ជាតិយើង ជារបស់យើងទាំងអស់គ្នា។ ជាតិខ្មែរយើងនៅបន្ត ដូច្នេះ អង្គភាពត្រូវមានអត្ថិភាពនៅបន្តនិរន្តរភាព ទទួលរ៉ាប់រងភារកិច្ចការពារជាតិមាតុភូមិ ការពារទឹកដី សុខសន្តិភាព ជូនប្រជាពលរដ្ឋ។
លោកបន្តថា ក្នុងន័យនេះ ក្នុងគ្រប់តួនាទីនិងមុខតំណែងទាំងអស់ ភារកិច្ចសំខាន់ ៣ របស់អ្នកដឹកនាំ ឬមេបញ្ជាការគ្រប់រូប គឺ (១) រក្សាសមិទ្ធិផលរបស់មេបញ្ជាការមុន, (២) កសាងពង្រឹងអង្គភាពបន្ថែមលើគ្រប់វិស័យ និង (៣) បន្តសមិទ្ធិផលទាំងនេះ ឱ្យនាយទាហានបន្តវេន។ ទាំងនេះ គឺជាភារកិច្ចស្នូល ដោយត្រូវរួបរួមគ្នាធ្វើយ៉ាងណា ពីមួយជំនាន់ទៅមួយជំនាន់ បន្តកសាងពង្រឹងអង្គភាពឱ្យកាន់តែរឹងមាំ។
លោកមេបញ្ជាការកងទ័ពជើងគោក បញ្ជាក់ថា «ការទទួលបានការដំឡើងបុណ្យសក្តិ ឬតួនាទី គឺជាការទទួលបានសិទ្ធិអំណាច។ ប៉ុន្តែសិទ្ធិអំណាចនេះ គឺភា្ជប់មកជាមួយនូវ ការទទួលខុសត្រូវ។ យើងអាចប្រគល់សិទ្ធិឱ្យគេធ្វើការ ប៉ុន្តែយើងមិនអាចផ្ទេរការ ទទួលខុសត្រូវរបស់យើង ក្នុងនាមជាអ្នកដឹកនាំបានឡើយ ។ ចំពោះការតែងតាំងមុខតំណែង នៅក្នុងកងទ័ពជើងគោក ចាប់ពីកម្រិតមួយឡើងទៅ គឺត្រូវឆ្លងកាត់ការវាយតម្លៃជ្រើសរើស ដែលធ្វើឡើងដោយមាន ឋានានុក្រមច្បាស់លាស់ និងដោយអនុវត្តតាមគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” របស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ» ។
លោកបន្ថែមថា នៅក្នុងការវាយតម្លៃនីមួយៗ គ្មានអ្នកណាល្អឥតខ្ចោះនោះទេ បុគ្គលតែងមានចំណុចខ្លាំង ចំណុចខ្សោយ ប៉ុន្តែការវាយតម្លៃអាចធ្វើឡើង ដោយផ្អែកលើលក្ខណៈ សម្បត្តិសត្យានុម័ត រួមមានឆន្ទៈ, សមត្ថភាព, បទពិសោធន៍ការងារ, សុខភាព, ការទទួលខុសត្រូវ, ភាពជាអ្នកដឹកនាំ ហើយជាទូទៅក៏ត្រូវឈរលើ មូលដ្ឋាននៃនិរន្តរភាពផងដែរ ។
លោកគូសបញ្ជាក់ថា ភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធ គឺស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ, ការពារបូរណភាពទឹកដី, ការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ តាមរយៈការកសាងពង្រឹងអង្គភាព, សាមគ្គីផ្ទៃក្នុង ដើម្បីរួមគ្នាបំពេញភារកិច្ចជូនជាតិមាតុភូមិ ។ ដើម្បីសម្រេចភារកិច្ចនេះ គឺទាមទារឱ្យមានការដឹកនាំ ដោយមានការចូលរួមទាំងអស់គ្នា ក្រោមធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងល្អ រួមគ្នាជាអង្គភាពតែមួយ ដោយមិនត្រូវឱ្យមានការ បែកបាក់ផ្ទៃក្នុងអង្គភាព ឬការប្រៀបធៀបគ្នាឡើយ ព្រោះវិធីសាស្ត្រអាចខុសគ្នា ប៉ុន្តែទិសដៅគឺតែមួយ ហើយធ្វើយ៉ាងណារក្សាឱ្យបាន នូវនិរន្តរភាពនៃសាមគ្គីភាពនេះ ដើម្បីឱ្យអង្គភាពដើរទៅមុខកាន់តែរឹងមាំ។
លោកឧត្ដមសេនីយ៍ឯក ក៏បានអំពាវនាវឲ្យ គ្រប់បណ្តាស្ថាប័ន-កងឯកភាពទាំងអស់ បន្តយកចិត្តទុកដាក់ចំពោះបញ្ហាចំពោះមុខ គឺការរីករាលដាលជំងឺកូវីដ១៩ ដោយត្រូវដាក់ចេញនូវ រាល់វិធានការសុខាភិបាល ក៏ដូចជាបំផុសឱ្យយោធិនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការថែរក្សាសុខភាព អនាម័យផ្ទាល់ខ្លួន ដើម្បីទប់ស្កាត់ការ ឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩នេះ ក្នុងនោះធ្វើយ៉ាងណារក្សា ឱ្យបានស្មារតីនឹងនរ ដោយចូលរួមអនុវត្តរាល់ វិធានការដែលរាជរដ្ឋាភិបាល បានដាក់ចេញ ៕