ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ បានផ្ញើរសារដាស់តឿនប្រជាពលរដ្ឋអោយគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នខ្ពស់ចំពោះ ជំងឺកូវីដ១៩។
តាមរយៈបណ្ដាញហ្វេសប៊ុក សម្ដេចតេជោនាយករដ្ឋមន្រ្តីបានសរសេរយ៉ាងដូច្នេះថា ចូលរួមថែរក្សាសុខភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរនៅទូទាំងប្រទេសទោះបីបងប្អូនធ្វើដំណើរទៅទីណាក៏ដោយ ទី១ ត្រូវតែប្រុងប្រយ័ត្នខ្ពស់អំពីសុវត្ថិភាព ក្នុងពេលបើកបរគឺត្រូវគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា ព្រោះគ្រោះថ្នាក់អាចកើតឡើងតែមួយវិនាទីប៉ុណ្ណោះ ប្រសិនបើយើងធ្វេសប្រហែស មិនគោរពច្បាប់។ ទី២ ត្រូវការពារសុវត្ថិភាពសុខភាពខ្លួនយើង និងក្រុមគ្រួសារ កុំអោយឆ្លងជំងឺកូវីដ–១៩ អោយសោះ ព្រោះជំងឺនេះឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់ ដូចនៅសហរដ្ឋអាមេរិក ដែលចំនួនអ្នកឆ្លងកំពុងកើនឡើង យ៉ាងគំហុគ។ នៅកម្ពុជាយើងមកទល់ថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ–១៩ សរុបចំនួន ១៧១នាក់ ព្យាបាលបានជាសះស្បើយ ១៣៦ នាក់ និងចំនួនអ្នកឆ្លងជំងឺកូវីដ–១៩ដែលកំពុងព្យាបាលពេលនេះគឺមាន ៣៥នាក់ (២នាក់ជាមន្ត្រីស្ថាតទូតអាមេរិក)។
សម្ដេចបន្តថា ចំពោះបងប្អូន ប្រជាពលរដ្ឋខ្មែរ ក៏ដូចភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរមកកម្ពុជា ត្រូវតែធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាលអោយបាន ខ្ជាប់ខ្ជួន ជាពិសេសនៅពេលដែលពិនិត្យសុខភាពរួចហើយ អនុញ្ញាត្តិអោយរស់នៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃ គឺត្រូវទទួលខុសត្រូវធ្វើតាមបញ្ជាណែនាំ របស់ក្រសួងសុខាភិបាលអោយបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពខ្លួនឯងផង នឹងសម្រាប់អ្នកដទៃផង។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ–១៩ ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល។ ត្រូវពាក់ម៉ាសការពារអោយបានល្អ ហើយកុំធ្វេសប្រហែសដោយគិតខ្លីថាមិនអីទេ។ ទីកន្លែងធ្វើអាជីវកម្មតូចធំរួមទាំងផ្សាររដ្ឋ និងឯកជនតូបលក់ឥវ៉ាន់តូចធំ ដេប៉ូចែកចាយ ហាងកាហ្វេ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ទីកន្លែងកាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលបានអនុញ្ញាត្តិ ធនគារ និងកន្លែងប្តូរប្រាក់តូចធំ ក្លីនិកតូចធំ ក្លីនិកធ្មេញ មន្ទីរពេទ្យរដ្ឋ និង មន្ទីរពេទ្យឯកជន ត្រូវតែមានចឹល ទឹកអាល់កុល និងម៉ាសសម្រាប់ផ្តល់ជូន អតិថិជនឬក្រុមគ្រួសារអ្នកជំងឺដើម្បីទប់ស្កាត់ការរិករាលដាលចម្លងរោគពីម្នាក់ទៅម្នាក់ ហើយត្រុវបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេល។
ឆ្លៀតក្នុងឱកាសនេះសម្ដេចក៏សូមជូនពរបងប្អូនបានចៀសផុតពីជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ទាំងអស់គ្នាផងដែរ៕