ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ចំពោះជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាក ជាច្រើនថ្ងៃនាពេលខាងមុខនេះ ។
លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ក្រើនរំលឹក នៅថ្ងៃទី១៧ កក្កដានេះថា បុគ្គលគ្រប់រូបមិនត្រូវសន្តិភាពនិយម ជាមួយវីរុសបែបនេះ នោះឡើយ និងរិតតែចាក់ចង្កេះបុគ្គលគ្រប់រូបថា សុំកុំភ្លេចពីលទ្ធភាពនៃការចម្លង របស់វីរុសកូវីដ១៩ ដែលមានភាពរហ័ស ដែលពិបាកប៉ាន់ស្មាន។
លោកស្រីបញ្ជាក់ថា «ត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច អនុវត្តវិធានការការពារឲ្យ បានខ្ជាប់ខ្ជួនទោះជានៅទៅទីណា នៅកន្លែងណា កាលៈទេសៈណានិងពេលវេលាណាក៏ដោយ ជាពិសេសនៅក្នុងអំឡុងពេល ឈប់សម្រាកយូរនាពេលខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋកុំភ្លេច ឲ្យសោះនូវការការពារខ្លួន ដើម្បីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារខ្លួន មិនមានការចម្លងវីរុសកូវីដ១៩» ។
សូមរំលឹកថា កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតឲ្យឈប់សម្រាកចំនួន ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ សីហា ដែលជាថ្ងៃសងជំនួស ដែលផ្អាកកាលពីបុណញយចូលឆ្នាំខ្មែរ ៕